ឯកឧត្តម ប៉ែន ពេជ្រសាលី បានដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល (Wrap-upMeeting) ស្តីពី “2024 Cambodia Country Programming Mission” របស់ក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
- ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល (Wrap-upMeeting) ស្តីពី “2024 Cambodia Country Programming Mission” របស់ក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកាការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាសម្រេចលើសំណើគម្រោងអភិវឌ្ឍន៍នានា ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងផែនការកម្ចីឥណទានឆ្នាំ ២០២៤ និងផែនការកិច្ចសហប្រតិបត្តិការ បីឆ្នាំរំកិល ២០២៥-២០២៧។
ជាលទ្ធផល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចដាក់បញ្ចូលគម្រោងចំនួន ០៦ ក្នុងផែនការកម្ចីឥណទានឆ្នាំ ២០២៤ ដែលក្នុងនោះ មាន១គម្រោង ដែលនឹងត្រូវអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ដោយគម្រោងនេះ មានឈ្មោះថា “កម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាពជំហានទី ៤ (Rural Water Supply, Sanitation and Hygiene Improvement Sector Development Program)” ផ្តោតសំខាន់លើការអភិវឌ្ឍន៍ទឹកស្អាត និងអនាម័យជនបទ។
