នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានរៀបចំវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីព័ត៌មានទីផ្សារ របស់ផលិតផលជនបទ
- ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៩:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តពោធិ៍សាត់៖ ថ្ងៃព្រហស្បតិ៍ ២រោចខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ មន្រ្តីបច្ចេកទេសការិយាល័យទីផ្សារ នៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ដឹកនាំដោយលោក ហឿង ជុនធៀង អនុប្រធាននាយកដ្ឋាន តំណាង ឯកឧត្តម គី សុផល ប្រធាននាយកដ្ឋាន បានសហការជាមួយក្រុមការងារនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីព័ត៌មានទីផ្សារ របស់ផលិតផលជនបទ នៅភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៤២នាក់ ស្រី៣១នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖
– ចែករំលែកនូវចំណេះដឹងអំពីទីផ្សារ និង បណ្ដុំពត៌មានរបស់ទីផ្សារ
– បណ្តុះគំនិតសិក្ខាកាមឱ្យចេះស្វែងយល់ពីព័ត៌មានទីផ្សារ ស្គាល់ច្បាស់ពីផលិផតផល ដើម្បីងាយស្រួលក្នុងការផលិត និងលក់ទៅកាន់ទីផ្សារ
– បង្ហាញពីយុទ្ធសាស្រ្តទីផ្សារដល់សិក្ខាកាមដែលអាចឱ្យពួកគាត់កំណត់នូវសក្តានុពលរបស់ខ្លួននៅក្នុងការដំណើរការអាជីវកម្ម
– បំផុសផ្នត់គំនិតការផ្លាស់ប្តូររបៀបរស់នៅ ដើម្បីស្របទៅតាមបរិបទជាក់ស្តែង និងជួយឱ្យសិក្ខាកាមចេះជ្រើសរើស និង បណ្ដុះពត៌មានទីផ្សារឲ្យសមស្របទៅនឹងបរិបទបច្ចុប្បន្ន ដើម្បីភាពរីកចម្រើនក្នុងមុខរបរ និងអាជីវកម្មរបស់ខ្លួន សំដៅធ្វើឱ្យជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់សិក្ខាកាម មានភាពប្រសើរឡើងជាងមុន និងមានភាពធន់ទៅនឹងបម្រែបម្រួលសកល។
ចុងបញ្ចប់នៃសិក្ខាសាលានេះ លោកអនុប្រធាននាយដ្ឋាន បានផ្តល់នូវគំនិតមួយចំនួនដល់សិក្ខាកាមពិនិត្យ និងរៀបចំផលិតនូវផលិតផលណាដែលទីផ្សារកំពុងមានតម្រូវការច្រើន ហើយព្យាយាមទាក់ទងឱ្យដល់អតិថិជនផ្ទាល់ ជៀសវាងឆ្លងកាត់ឈ្មួញកណ្ដាល ដែលនាំឱ្យផលិតផល ដែលផលិតបានមិនមានស្ថេរភាព ជាមួយ នឹងការលើក ទឹកចិត្តឱ្យពួកគាត់ព្យាយាមបង្កើតមុខរបរបន្ថែម ដោយកុំពឹងផ្អែកតែលើមុខរបរតែមួយ ឬចំណូលតែមួយមុខ។
