ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ”

ចែលរំលែក
សិក្ខាសាលា 24 04 24 09

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ”​ វគ្គទី២។ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងសិក្ខាកាមដែលជាអនុប្រធាននាយកដ្ឋាន អនុប្រធានមន្ទីរ និងប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី ខេត្ត និងអនុប្រធានការិយាល័យនៅទីស្ដីការក្រសួង សរុបចំនួន ៥៤២នាក់ ស្រីចំនួន ១៣៧នាក់។

ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដមរដ្ឋមន្រ្ដី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និលោកជំទាវបណ្ឌិតជូនដល់អង្គពិធីទាំងមូល ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ធ្វើឱ្យសម្រេចបានលទ្ធផលយ៉ាងច្រើនគួរជាទីមោទនៈក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើង ដើម្បីផ្ដល់ និងពង្រឹងពុទ្ធិបន្ថែមទៀតលើការប្រតិបត្តិការការងាររបស់មន្ដ្រីរាជការ ដើម្បីបង្កើនការទទួលខុសត្រូវ និងប្រសិទ្ធភាពការងារ តាមរយៈការផ្លាស់ប្ដូរឥរិយាបថក្នុងការបំពេញការងារនៅតាមអង្គភាពរបស់ខ្លួន ដែលជាការជំរុញការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យអភិវឌ្ឍន៍ជនបទ ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដលើកឡើងថា តាមរយៈវគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ត្រូវខិតខំយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបន្ដអភិវឌ្ឍសមិទ្ធផលដែលមានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកធ្វើឱ្យសម្រេចជោគជ័យ ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤ – ២០២៨  និងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ រួមមាន ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ, ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព, ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ និងទី៤.ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់នូវការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ចែករំលែកចំណេះដឹង និងបទពិសោធន៍ដើម្បីទទួលបានជាពុទ្ធិថ្មីៗបន្ថែមទៀតយកទៅអនុវត្តលើការងារក្នុងអង្គភាពរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕

សិក្ខាសាលា 24 04 24 09

សិក្ខាសាលា 24 04 24 05សិក្ខាសាលា 24 04 24 07សិក្ខាសាលា 24 04 24 08សិក្ខាសាលា 24 04 24 11សិក្ខាសាលា 24 04 24 12សិក្ខាសាលា 24 04 24 21សិក្ខាសាលា 24 04 24 22សិក្ខាសាលា 24 04 24 34សិក្ខាសាលា 24 04 24 35

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ