លោកជំទាវ គង់ សុធីរី អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤

ចែលរំលែក

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទាំង១៣ចំណុច   និងកិច្ចប្រជុំបូកសរុបប្រចាំ ត្រីមាសទី១  ឆ្នាំ២០២៤ ។

 

សមាភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ, ឯកឧត្តម ទឹង គឹមហេង សមាជិកក្រុមប្រឹក្សាខេត្ត, លោក អ៊ី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្ត, លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត , លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុកទាំង៥ក្នុងខេត្តព្រះសីហនុ, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុប ៣៥នាក់។

 

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ដោយ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមតិស្វាគមន៍ និងចំណាប់អារម្មណ៍គាំទ្រនូវសមិទ្ធផលដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានដោយ លោក អ៊ី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ រួចមក  ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ បានអានរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទជូនអង្គប្រជុំទាំងមូលផងដែរ។

 

ក្នុងឱកាសនោះ លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ បានធ្វើការផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ទាំង ១៣ចំណុច ដែលសម្ដេចបានលើកឡើងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កត្តាសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព និងជាមគ្គទេសក៍ឯកនយោបាយឈ្នះឈ្នះ និងការបន្តវេនដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឱកាសឱ្យមន្ត្រីក្រសួងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងឆ្នាំ២០២៣ ហើយដែលសមិទ្ធផលទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់បន្តអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ ។

 

លោកជំទាវរដ្ឋលេខាធិការ បានបន្តលើកឡើងពីសារសំខាន់នៃការអភិវឌ្ឍជនបទ ដោយផ្ដោតលើកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួងរួមមាន ៖ ១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ទី២.កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

 

ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីទិសដៅ និងភារកិច្ចបន្តរបស់ក្រសួង ក្នុងពង្រឹងគុណភាពផ្លូវជនបទឱ្យកាន់តែរឹងមាំ ធានាការប្រើប្រាស់បានយូរអង្វែង, ការសម្រេចឱ្យបានផែនការគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទូទាំងប្រទេស ក៏ដូចជាការជំរុញសេដ្ឋកិច្ចគ្រួសារជនបទឱ្យមានការកើនឡើងផងដែរ៕

photo 2024 04 01 19 11 28 2photo 2024 04 01 19 11 28 3photo 2024 04 01 19 11 28 4photo 2024 04 01 19 11 28photo 2024 04 01 19 11 29 2photo 2024 04 01 19 11 29 3photo 2024 04 01 19 11 29 40photo 2024 04 01 19 11 29

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ