ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី “វិធីសាស្ត្រអភិវឌ្ឍន៍សមត្ថភាពមន្ត្រីសម្របសម្រួលសហគមន៍ជនបទ”

ចែលរំលែក
photo 2024 03 13 16 09 39 2

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី “វិធីសាស្ត្រអភិវឌ្ឍន៍សមត្ថភាពមន្ត្រីសម្របសម្រួលសហគមន៍ជនបទ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋានបណ្ដាលបណ្ដាល និងស្រាវជ្រាវ និង សិក្ខាមអញ្ជើញពីមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី ខេត្ត សរុបចំនួន ៥២នាក់។

 

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំដោយ នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បី ពង្រឹងសមត្ថភាពមន្រ្តីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសមន្រ្តីសម្របសម្រួលសហគមន៍នៅតាមមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត  ដើម្បីទទួលបាននូវឱកាសពង្រឹងនូវសមត្ថភាព និងចំណេះដឹងបន្ថែមក្នុងការសម្របសម្រួលជាមួយសហគមន៍ជនបទ។

 

បន្ទាប់ពីបានស្ដាប់មតិស្វាគមន៍ដោយ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ រួមមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងអំណរគុណជូនចំពោះ សិក្ខាកាមទាំងអស់ដែលបានអញ្ជើញ ចូលរួមក្នុងកម្មវិធីនៃវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ឯកឧត្ដម ឆាយ ឫទ្ធិសែន ជូនចំពោះថ្នាក់ដឹកនាំ និងសិក្ខាកាមទាំងអស់ ដែលមានវត្តមាននាឱកាសនោះ។

 

ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនោះ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងសិក្ខាកាមដូចខាងក្រោម ៖

  1. សិក្ខាកាមគ្រប់រូបត្រូវខិតខំយកចិត្តទុកដាក់ និងចូលរួមឱ្យបានផុលផុសក្នុងគ្រប់កិច្ចពិភាក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ។
  2. សិក្ខាកាមត្រូវព្យាយាមទាញយកចំណេះដឹង ពីវគ្គបណ្តុះបណ្តាលនេះដើម្បី ជាទន់សម្រាប់ការសិក្សាស្រាវជ្រាវបន្ត និងយកទៅអនុវត្តឆ្លើយតបនឹងតម្រូវការជាក់ស្តែង។
  3. សិក្ខាកាមគ្រប់រូប គប្បីចែកចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមក ដើម្បីស្វែងរកបែបផែនថ្មី តាមវិស័យនីមួយៗនៃការអភិវឌ្ឍន៍ជនបទ។
  4. នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ត្រូវបន្តរៀបចំវគ្គបណ្តុះបណ្តាលអាទិភាព និងចាំបាច់ ជូនមន្រ្តីរាជការក្រសួង ដើម្បីមានសមត្ថភាពសមស្របឆ្លើយតបនឹងទិន្នាការវិវត្តន៍ក្នុងវិស័យអភិវឌ្ឍន៍ជនបទក្នុងយុគសម័យឌីជីថល៕

photo 2024 03 13 16 09 37photo 2024 03 13 16 09 38 2photo 2024 03 13 16 09 38 3photo 2024 03 13 16 09 38 4photo 2024 03 13 16 09 38photo 2024 03 13 16 09 39 2photo 2024 03 13 16 09 39

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ