
លោកជំទាវ ឡាយ វីរៈបុត្រ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០២៥-២០៣០
- ៦ ម៉ោងមុន ថ្ងៃទី២០ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០២៥-២០៣០ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អេង កុកថាយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានសមាសភាពចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងក្រសួងសាមី និងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ តំណាងគណៈកម្មការភាសាវិទ្យាខ្មែរ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលមានចំនួនសរុប ៧៣នាក់។
ផែនការសកម្មភាពជាតិមានគោលបំណង ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ យុទ្ធសាស្រ្តទាំង៥ នៃផែនការសកម្មភាពជាតិនេះគឺ ៖
១. យុទ្ធសាស្រ្តទី១ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ
២. យុទ្ធសាស្រ្តទី២ ការបង្កា និងទប់ស្កាត់
៣. យុទ្ធសាស្រ្តទី៣ សេវាឆ្លើយតបជាពហុវិស័យចំពោះកិច្ចការពារកុមារ
៤. យុទ្ធសាស្រ្តទី៤ ការរៀបចំក្របខ័ណ្ឌគតិយុទ្ធ និងប្រព័ន្ធយុត្តិធម៌
៥. យុទ្ធសាស្រ្តទី៥ ការត្រួតពិនិត្យនិងវាយតម្លៃ ។
ក្នុងយុទ្ធសាស្រ្តទាំង ៥ ខាងលើ តម្រូវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល អង្គការផ្អែកលើជំនឿសាសនា ក្រុមកុមាររងគ្រោះ និងងាយរងគ្រោះ និងសាធារណជនទូទៅចូលរួមអនុវត្តផែនការសកម្មជាតិនេះប្រកបដោយការទទួលខុសត្រូវ ដើម្បីផ្លាស់ប្តូរឥរិយាបទលើកុមារជាវិជ្ជមាន លុបបំបាត់អំពើហិង្សាលើកុមារ ធានាបាននូវសិទ្ធិជាមូលដ្ឋាន និងឧត្តមប្រយោជន៍របស់កុមារ។