
ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីសន្តិសុខសុវត្ថិភាពនិងការត្រៀមជម្លៀសប្រជាពលរដ្ឋនៅជាប់ព្រំដែនថៃទៅទីកន្លែងសុវត្ថិភាព នៅខេត្តបាត់ដំបង
- ៨ ម៉ោងមុន ថ្ងៃទី១៩ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនាឆ្នាំ ២០២៥ ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំពៅលូន ខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីសន្តិសុខសុវត្ថិភាពនិងការត្រៀមជម្លៀសប្រជាពលរដ្ឋនៅជាប់ព្រំដែនថៃទៅទីកន្លែងសុវត្ថិភាព។ កិច្ចប្រជុំខាងលើនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំពៅលូន ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ប្រធានប៉ុសប៉ូលីសឃុំ ប្រធានមណ្ឌលសុខភាពសរុបចំនួន៥៩រូប។
នាឱកាសនោះលោកអភិបាលស្រុកសំពៅលូន បានរាយការណ៍បញ្ជាក់ថា ស្រុកសំពៅលូនមានចំនួន៦ឃុំ និង៤២ភូមិ ក្នុងនោះមាន២៥ភូមិ ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ។ ជាមួយគ្នានេះ ក្រោយព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលស្រុកបានធ្វើការផ្សព្វផ្សាយនិងផ្តល់ព័ត៌មានទាន់ពេលវេលាដល់ប្រជាពលរដ្ឋអំពីសភាពការណ៍ថ្មីៗដែលកើតមានឡើង។ ប្រជាពលរដ្ឋក៏បានត្រៀមខ្លួននិងជីកលេនដ្ឋានដើម្បីការពារសុវត្ថិភាពក្នុងករណីមានឧប្បទ្ទហេតុផ្ទុះអាវុធនៅតាមព្រំដែន។
ដោយឡែកអាជ្ញាធរឃុំទាំង៦ក៏បានធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពរបស់ប្រជាពលរដ្ឋចំណាកស្រុកពីថៃចូលមកស្រុកសំពៅលូនដែលមានជីវភាពខ្វះខាតត្រូវការជំនួយ។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រដ្ឋបាលស្រុកយកចិត្តទុកដាក់អំពីសុវត្ថិភាពនិងជីវភាពប្រជាពលរដ្ឋក្រីក្រ ដែលខ្វះស្បៀង។ ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ និងក្រុមការងារបានផ្តល់អង្ករចំនួន៣តោនជូនរដ្ឋបាលស្រុកសំពៅលូនសម្រាប់ដោះស្រាយបន្ទាន់ជូនប្រជាពលរដ្ឋក្រីក្រដែលខ្វះស្បៀង៕