
ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្តត្រីមាសទី៣ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ
- ២ ថ្ងៃមុន ថ្ងៃទី១៨ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្តត្រីមាសទី៣ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តេ យក់ស៊ូ សមាជិកក្រុមប្រឹក្សាខេត្ត, លោក សែ វផន អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ, លោក តាន់ វាសនា ប្រធានមន្ទីរ, អនុប្រធានមន្ទីរ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទ, លោក លោកស្រីតំណាងមន្ទីរជំនាញពាក់ព័ន្ធ,លោក លោកស្រីអភិបាល/អភិបាលរងក្រុងស្រុក, និងលោក លោកស្រីតំណាងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ៥៦ រូប ស្រ្តី ៦ រូប។
ក្រោយពីការអានរបាយការណ៍របស់លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ជូនដល់ អង្គពិធីរួចមក ឯកឧត្តម អ៊ិន ចន្ថា បានពាំនាំនូវសេចក្តីនឹករលឹក និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់មន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គពិធីទាំងមូលដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាពេលនោះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធី អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវ័ន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល” ដើម្បីសម្រេចនូវចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ និងរួមទាំងបង្ហាញពីចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទគឺ កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានកម្មវិធីអាទិភាពចំនួន៥ រួមមាន៖ ១/.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ២/.ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ ៣/. ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ៤/. ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និងទី៥/. ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។
បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីអំពីស្ថានការនៅព្រំដែនកម្ពុជា ថៃ ដែលក្នុងនោះកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូសំណេះសំណាល សួរសុខទុក្ខនាយទាហាន ពលទាហាន និងកងកំលាំងប្រដាប់អាវុធ ព្រមទាំងប្រគល់គ្រឿងឧបភោគបរិភោគ និងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់ ឯកឧត្តមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុង ឈរជើងតាមបណ្ដោយព្រំដែន នៅទីបញ្ជាការដ្ឋាន អង្គរក្ស ទួល៩៥ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក្នុងនាមកងយោធពលខេរភូមិន្ទបានប្តេជា្ញយ៉ាងមុតមាំ ការពារបូរណភាពទឹកដីមិនឱ្យខ្មាំងសត្រូវសៀមឈ្លានពានមួយមីលីម៉ែត្រណាឡើយ និងសូមឱ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់មានជំនឿលើការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការបូកសរុប និងផ្ដល់នូវចំណុចគន្លឹះ ជូនអង្គប្រជុំចំនួន ៩ចំណុចសម្រាប់ការពង្រឹងការអនុវត្តបន្តររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឱ្យមានភាពប្រសើរឡើង៕