
ឯកឧត្តមបណ្ឌិត លឹម អ៊ីវ និងឯកឧត្តម សុខ សុគន្ធ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំខួបផ្លូវក្រាលល្បាយក្រួស និងផ្លូវក្រាលកៅស៊ូ ចំនួន២គម្រោង ស្ថិតក្នុងខេត្តសៀមរាប
- ៨ ម៉ោងមុន ថ្ងៃទី១៥ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តសៀមរាប៖ នាថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លឹម អ៊ីវ និងឯកឧត្តម សុខ សុគន្ធ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំខួបផ្លូវក្រាលល្បាយក្រួស និងផ្លូវក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ចំនួន ២គម្រោង ស្ថិតក្នុងខេត្តសៀមរាប រួមមាន៖
គម្រោងទី១៖ ការងារថែទាំខួបចំនួន ១ខ្សែ ដោយក្រាលល្បាយក្រួសប្រវែង ១១ ៥០០ម ទទឹង ៥ម កម្រាស់ ០,២ម និងសាងសង់លូមូលមុខបីចំនួន ១កន្លែង ស្ថិតនៅ ឃុំខ្នារសណ្តាយ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប (គម្រោងលេខ DRR-PM-2024-No.020) ។
គម្រោងទី២៖ ការថែទាំខួបផ្លូវចំនួន ២ខ្សែ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ប្រវែងសរុប ១៤ ៩០០ម ទទឹង ៦ម ព្រមទាំងគូសគំនូសចរាចរណ៍ទំហំ ១ ៣៦០ម២ ស្ថិតនៅឃុំត្រពាំងធំ ឃុំចាន់ស ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ខេត្តសៀមរាប (គម្រោងលេខ DRR-PM-2024-No.031)។ គម្រោងទាំង ២ ខាងលើអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ប្រើប្រាស់ថវិកាជំពូក៦១។
លទ្ធផលជារួម គណៈកម្មការអន្តរក្រសួង បានឯកភាព និងទទួលយកបញ្ចប់សុពលភាពនូវគម្រោងទាំង០២ខាងលើ។