
លោកជំទាវ ម៉ាត់ ម៉ារ៉ា បានដឹកនាំក្រុមការងារ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ” ការលើកកម្ពស់ការយល់ដឹងពីជំងឺអេដស៍ កាមរោគ សុខភាពបន្តពូជ និងគ្រឿងញៀន “
- ២ ម៉ោងមុន ថ្ងៃទី១៤ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ រដ្ឋបាលស្រុកព្រៃនប់ និងក្រុមប្រឹក្សាឃុំសំរុង រៀបចំសិក្ខាសាលា ស្ដីពី “ការលើកកម្ពស់ការ យល់ដឹងពីជំងឺអេដស៍ កាមរោគ សុខភាពបន្តពូជ និងគ្រឿងញៀន” នៅសាលាឃុំសំរុង ស្រុកព្រៃនប់។
សិក្ខាសាលានេះ មានការចូលរួមពី ក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ និងអជ្ញាធរមូលដ្ឋានភូមិ ឃុំ និងស្រុក សរុបទាំងអស់ចំនួន ៧១ នាក់ ស្រី ៣២នាក់ ដែលក្នុងនោះរួមមាន លោក ជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ លោក គី សុផល ប្រធាននាយកដ្ឋានសេដ្ឋកិច្ចជនបទ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមជាមួយមន្ត្រីបច្ចេកទេសជាច្រើនរូបទៀតផងដែរ។
សិក្ខាសាលានេះរៀបចំឡើងក្នុង គោលបំណងផ្សព្វផ្សាយបន្តដល់ សហគមន៍ ជនបទ អំពីការរីករាលដាលឆ្លង នៃជំងឺអេដស៍ ដែលកំពុងមានការកើនឡើង នាពេលបច្ចុប្បន្នឲ្យបានទូលំទូលាយ ជាពិសេសស្រទាប់យុវវ័យឱ្យបាន យល់ដឹង ពីភាពវិបាកនៃការកើតជំងឺនេះនិងកុំឱ្យមានការរើសអើងចំពោះអ្នកមានផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ។