
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅសួរសុខទុក្ខលោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត
- ២២ ម៉ោងមុន ថ្ងៃទី១៣ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានកិត្តិយសសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកថវិកាផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្រ្ដីទៅប្រគល់ជូនលោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនៅការជូនពរចំពោះលោកប្រធានមន្ទីរសូមឱ្យឆាប់ជាសះស្បើយ និងបានថ្លែងអំណរគុណលោក លោកស្រីវេជ្ជបណ្ឌិត ដែលបានយកចិត្តទុកដាក់ថែទាំអ្នកជម្ងឺផងដែរ។
ជាមួយគ្នានោះដែរ លោកស្រី ភួង ចិន្ដា ជាភរិយា និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់មន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទគ្រប់រូប និងគ្រប់កាលៈទេសៈ៕