
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ
- ១ ថ្ងៃមុន ថ្ងៃទី១១ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃពុធ ១ពុធ ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួងរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ប្រធានគណៈកម្មាធិការទី៧ នៃព្រឹទ្ធសភា ដែល បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខនោះ ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានសម្ដែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ លោកជំទាវ សាប៊ី ពិន្ថា ព្រមទាំងក្រុមគ្រួសារនៃសព ដោយក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ បានសោយសុខក្នុងសុគតិភពកុំបីក្លាយទៅជាបការៈដទៃឡើយ។
គួរជម្រាបជូនផងដែរថា ការទទួលមរណភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ គឺជាការបាត់បង់ នូវវិរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយ ឆន្ទៈ មនសិការ ក្នុងការបម្រើបុព្វហេតុជូន ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏បាន ចូលរួមចំណែកយ៉ាងប្រត្យក្សក្នុងការលើកកម្ពស់តម្លៃ នៃនីតិរដ្ឋប្រកបដោយឧត្តមគតិជ្រៅជ្រះខ្ពង់ខ្ពស់ជាអនេកប្បការ៕