
ឯកឧត្តម ឆាយ ឫទ្ធិសែន បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យវឌ្ឍនសាងសង់ ចំនួន ៣ខ្សែ នៅក្នុងខេត្តព្រះវិហារ
- ២ ថ្ងៃមុន ថ្ងៃទី១០ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអភិបាលនៃគណៈអភិបាលស្រុករវៀង បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យវឌ្ឍនសាងសង់ ចំនួន ៣ខ្សែ នៅក្នុងខេត្តព្រះវិហារ ដូចខាងក្រោម៖
ខ្សែទី១៖ ខ្សែផ្លូវ (អូរតាលោក-ដូង) ជាការដ្ឋានសាងសង់ផ្លូវសរុបប្រវែង ១៣,៩៨គ.ម. ទទឹង ៨ម៉ែត្រ ក្នុងនោះប្រភេទផ្លូវកៅស៊ូពីរជាន់ (DBST) ប្រវែង ១៣,៦៤គ.ម និងក្រាលបេតុង ០,៣៤គ.ម មានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិអូរតាលោក ឃុំរមទម ទៅកាន់ភូមិដូង ឃុំរីករាយ ស្រុករវៀង ដែលមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ២ ១៤២គ្រួសារ និងប្រយោល ចំនួន ៤ ៧៩០គ្រួសារ ។
ខ្សែទី២៖ ខ្សែផ្លូវ (តាំងត្រក – ថ្កែង) ជាការដ្ឋានសាងសង់ផ្លូវសរុបប្រវែង ៥,០២ គ.ម. ទទឹង ៨ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤,៥២គ.ម និងក្រាលបេតុង ០,៥គ.ម មានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិតំងត្រក ឃុំរបៀប ទៅដល់ភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ដែលមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ១ ៩៤៩គ្រួសារ និងប្រយោលចំនួន ១ ៣០៩គ្រួសារ។
ខ្សែទី៣៖ ខ្សែផ្លូវ (ថ្នល់កែង – ស្រែធំ) ជាការដ្ឋានសាងសង់ផ្លូវសរុបប្រវែង ៣,៧៦គ.ម.. ទទឹង ៨ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣,៥៦គ.ម និងក្រាលបេតុង ០,២០គ.ម មានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិថ្នល់កែង ទៅដល់ភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ដែលមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ១ ០៨១គ្រួសារ និងប្រយោលចំនួន ១ ៣៥១គ្រួសារ។
ផ្លូវទាំង ៣ខ្សែនេះ បានចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ២០២៤ បច្ចុប្បន្នមានវឌ្ឍនភាព ៩៥% ហើយគ្រោងនឹងបញ្ចប់នៅពេលខាងមុខនេះ ស្ថិតក្នុងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) គាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ធនាគារវិនិយោគអឺរ៉ុប និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប។
គួរបញ្ជាក់ជូនផងដែរថា ខ្សែផ្លូវទាំង៣ខ្សែនេះ បាននិងកំពុងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋដោយផ្ទាល់សរុបចំនួន ៦ ៩៦៣គ្រួសារ និងមានអ្នកទទួលផលប្រយោលចំនួន ២៥ ៧៧១គ្រួសារ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ ឱ្យពន្លឿនការងារសាងសង់ឱ្យលឿន សម្រប់តាមកិច្ចសន្យាការងារ ដើម្បីបានបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ៕













