
ថ្នាក់ដឹកនាំពីរនាយកដ្ឋាននៃក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យទីតាំងសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជូនប្រជាពលរដ្ឋ
- ៩ នាទីមុន ថ្ងៃទី៨ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តព្រះវិហារ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៥ លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងលោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងក្រុមការងារ បានចុះត្រួតពិនិត្យ និងសិក្សាទីតាំងទីទួលសុវត្ថិភាព សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជូនប្រជាពលរដ្ឋចំនួន ៥.៥០០ គ្រួសារ ដែលគ្រោងផ្លាស់ទីលំនៅពីគេហដ្ឋានរបស់គាត់មកកាន់ទីទួលសុវត្ថិភាព នៅពេលមានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងកម្ពុជា។
ក្នុងនោះផងដែរ រដ្ឋបាលខេត្តព្រះវិហារក៏បានប្រគល់ភារកិច្ចជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តដើម្បីវៀបចំការឈូសឆាយផ្លូវ សាងសង់អណ្ដូង បង្គន់អនាម័យ និងការផ្ដល់សម្ភារទឹកស្អាតនិងអនាម័យ មានដូចជា ធុងចម្រោះទឹកស្អាត ប៊ីដុងទឹក និងសាប៊ូដុំជាដើម សម្រាប់ទីតាំងទីទួលសុវត្ថិភាពចំនួន០៣ ដែលបានកំណត់ដូចខាងក្រោម៖
១-មណ្ឌលសុវត្ថិភាពតាកឹង ស្ថិតនៅភូមិស្ទឹងសែនមនោរម្យ ឃុំថ្មី ស្រុកគូលែន
២-វត្តទួលអណ្ដែត ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មីស្រុកគូលែន
៣-វត្តពោធិ ៥.០០០ ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន។