
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមដំណើរជាមួយក្រុមបេសកកម្ម KfW, AFD និង EU ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ និងផ្លូវជនបទ ចំនួន៣ខ្សែ នៅខេត្តព្រះវិហារ ក្នុងក្របខណ្ឌកម្មវិធី RID4CAM
- ២ ថ្ងៃមុន ថ្ងៃទី៣ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តព្រះវិហារ ៖ នាថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ជនហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពគ្រប់គ្រងកម្មវិធី RID4CAM ដោយមានការអញ្ជើញចូលរួមអមដំណើរដោយលោក ឈុន ប៊ុនថេង អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងក្រុមទីប្រឹក្សាបច្ចេកទេស (PIC) បានអមដំណើរក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ដឹកនាំដោយលោកស្រីបណ្ឌិត Carmen Colla ប្រធានគ្រប់គ្រងគម្រោងជាន់ខ្ពស់ នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ប្រចាំប្រទេសអាល្លឺម៉ង់ ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់នៅការដ្ឋាន នៅខេត្តព្រះវិហារ ក្នុងក្របខណ្ឌកម្មវិធី RID4CAM រួមមានដូចខាងក្រោម ៖
១. ប្រព័ន្ធចែកចាយទឹកសហគមន៍ (CPWS) ៖ ស្ថិតនៅក្នុងឃុំគូលែនត្បូង ស្រុកគូលែន បច្ចុប្បន្នសម្រេចបាន ៥៨,០០%
២. ខ្សែផ្លូវទី១៖ ឈ្មោះផ្លូវ “បុស្ស-ឫស្សីស្រុក” ពីភូមិបុស្ស ឃុំរីករាយ ទៅភូមិឫស្សីស្រុក ឃុំរស់រាន់ ស្រុករវៀង ប្រវែង ១០,៦០០ គ.ម. បច្ចុប្បន្នសម្រេចបាន ៩១,៩៣%
៣. ខ្សែផ្លូវទី២៖ ឈ្មោះផ្លូវ “គូលែនត្បូង (NR.64)-ក្បាលខ្លា” ពីភូមិគូលែនត្បូង ឃុំគូលែនត្បូង ទៅភូមិក្បាលខ្លា ឃុំភ្នំត្បែងមួយ ស្រុកគូលែន និងស្រុកសង្គមថ្មី ប្រវែង ១៦,៤៥០ គ.ម. បច្ចុប្បន្នសម្រេចបាន ៩៩,០០%
៤. ខ្សែផ្លូវទី៤៖ ឈ្មោះផ្លូវ “ក្បាលខ្លា-ស្តៅ” ពីភូមិក្បាលខ្លា ឃុំភ្នំត្បែងមួយ ទៅភូមិស្តៅ ឃុំស្តៅ ស្រុកសង្គមថ្មី ប្រវែង ២១,១៥០ គ.ម. បច្ចុប្បន្នសម្រេចបាន ៩៧,១៥%៕