
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមដំណើរជាមួយក្រុមបេសកកម្ម KfW, AFD និង EU ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវជនបទ ចំនួន៦ខ្សែ និងសំណង់សិល្បការ្យ នៅខេត្តបាត់ដំបង ក្នុងក្របខណ្ឌកម្មវិធី RID4CAM
- ១ ថ្ងៃមុន ថ្ងៃទី២ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

ខេត្តបាត់ដំបង ៖ នាថ្ងៃសៅរិ៍ ៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ជនហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពគ្រប់គ្រងកម្មវិធី RID4CAM ព្រមទាំងមានការអញ្ជើញចូលរួមអមដំណើរដោយក្រុមទីប្រឹក្សាបច្ចេកទេស (PIC) និងលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានអមដំណើរក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ដឹកនាំដោយលោកស្រីបណ្ឌិត Carmen Colla ប្រធានគ្រប់គ្រងគម្រោងជាន់ខ្ពស់ នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ប្រចាំប្រទេសអាល្លឺម៉ង់ ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់នៅការដ្ឋាន នៅខេត្តបាត់ដំបង ក្នុងក្របខណ្ឌកម្មវិធី RID4CAM រួមមានដូចខាងក្រោម ៖
១. ខ្សែផ្លូវទី១ ៖ ឈ្មោះផ្លូវ “ជ្រៃមួយ-ទួលព្រំ” ពីភូមិជ្រៃមួយ ឃុំជ្រៃ ទៅភូមិទួលមួយ ឃុំកកោះ ស្រុកមោងឫស្សី ប្រវែង ២៩,៣០០ គ.ម. បច្ចុប្បន្នសម្រេចបាន ៨៧,៧៥%
២. ខ្សែទី២ ៖ ឈ្មោះ “សាករ-សួស្តី” ពីភូមិសាករ ទៅភូមិសួស្តី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រវែង ៩,១០គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបាន ៥៧,២០%
៣. ខ្សែផ្លូវទី៣ ៖ ឈ្មោះផ្លូវ “កកោះ (NR5)-ប៉ែន” ពីភូមិកកោះ ឃុំកកោះ ទៅភូមិប៉ែន ឃុំមោង ស្រុកមោងឫស្សី ប្រវែង ១៤,១០០ គ.ម. បច្ចុប្បន្នសម្រេចបាន ៨៦,៥៧%
៤. ខ្សែផ្លូវទី៤ ៖ ឈ្មោះ “បឹងបី – កាប់ព្រិច” ពីភូមិបឹងបី ឃុំមោង ស្រុកមោងឫស្សី ទៅភូមិកាប់ព្រិច ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រវែង ២២,២០ គម. បច្ចុប្បន្នសម្រេចបាន ៤៦,០៣%
៥. ខ្សែផ្លូវទី៥៖ ឈ្មោះផ្លូវ “ពុកឆ្មារ (NR5)-វត្តកណ្តាល” ពីភូមិពុកឆ្មារ ឃុំអូរដំបង២ ទៅភូមិវត្តកណ្តាល ឃុំរង្សកេសី ស្រុកសង្កែ ប្រវែង ១៤,៧០០ គ.ម. បច្ចុប្បន្នសម្រេចបាន ៧១,០០%
៦. ខ្សែផ្លូវទី៦៖ ឈ្មោះផ្លូវ “រ៉ា -ស្ពាន” ពីភូមិរ៉ា ឃុំធិបតី ទៅភូមិស្ពាន ឃុំកោះក្រឡ ស្រុកកោះក្រឡ ប្រវែង ១៤,១០០ គ.ម. បច្ចុប្បន្នសម្រេចបាន ៧១,០០%។
ជាមួយគ្នានេះដែរ ក្រុមបេសកកម្ម បានបន្តចុះពិនិត្យស្ថានភាពខ្សែផ្លូវប្រវែង ២,៨ គ.ម. ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៥ ទៅឃុំមោង ស្រុកមោងឫស្សី ដែលបច្ចុប្បន្នមានសមាសភាពខូចខាតជាខ្លាំង ហើយ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានស្នើសុំឱ្យក្រុមបេសកកម្ម មេត្តាពិនិត្យលទ្ធភាពក្នុងការកែលម្អផ្លូវនេះទៅជាផ្លូវកម្រាលបេតុង ឡើងវិញផងដែរ៕