
ថវិកា ចំនួន ៦០ ០០០ ០០០រៀល របស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានធ្វើការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា
- ២៣ ម៉ោងមុន ថ្ងៃទី១ ខែមិថុនា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ វង គន្ធារី ឆាយ ឫទ្ធិសែន បានចូលរួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការនាំយកថវិកា ចំនួន ៦០ ០០០ ០០០រៀល របស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ទៅធ្វើការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដែលមានរយៈពេលពេញ ១ខែមិថុនានេះ ជាយុទ្ធនាការកៀរគរថវិកាបរិច្ចាគប្រចាំឆ្នាំមួយដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា និងមានគោលបំណង រួមគ្នាជាធ្លុងមួយ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានលើកឡើងថា “ការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាភារកិច្ចរបស់ពលរដ្ឋកម្ពុជាគ្រប់រូប”៕