
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញជួបប្រជុំ Kick Off ជាមួយក្រុមបេសកកម្មរបស់ធនាគារ KfW ,AFD និង EU
- ២ ថ្ងៃមុន ថ្ងៃទី៣១ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តពោធិ៍សាត់៖ នាថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំ នៃសណ្ឋាគារ ពោធិ៍សាត់ រីវើសាយ ខេត្តពោធិ៍សាត់ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពគ្រប់គ្រងកម្មវិធី RID4CAM ព្រមទាំងមានការអញ្ជើញចូលរួមអមដំណើរដោយក្រុមទីប្រឹក្សាបច្ចេកទេស (PIC) បានអញ្ជើញជួបប្រជុំ Kick Off ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារសាងសង់ផ្លូវជនបទ និងសំណង់សិល្បការ្យ ក្នុងក្របខណ្ឌកម្មវិធី RID4CAM ជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ដឹកនាំដោយលោកស្រីបណ្ឌិត Carmen Colla ប្រធានគ្រប់គ្រងគម្រោងជាន់ខ្ពស់ នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ប្រចាំប្រទេសអាល្លឺម៉ង់។
គោលបំណងនៃកិច្ចប្រជុំ Kick Off របស់ក្រុមបេសកកម្មខាងលើ គឺដើម្បីពិនិត្យ និងវាយតម្លៃជារួម ទៅលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកន្លងមក និងការរៀបចំផែនការ ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់នៅការដ្ឋានសំណង់ដោយផ្ទាល់ នៅក្នុងខេត្តគោលដៅរបស់កម្មវិធី ចំនួន៤ រួមមាន៖ ខេត្តបាត់ដំបង សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៣១ ខែមិថុនា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥៕