
កិច្ចប្រជុំអន្តរក្រសួងលើកទី៤ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹង សហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ
- ២ ថ្ងៃមុន ថ្ងៃទី២៩ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសហប្រធានក្រុមការងារអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រី -វិស័យ លើកទី៤ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដែលរៀបចំឡើង និងសម្របសម្រួល ដោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានវត្តមានពីសំណាក់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំលើកទី៤ នេះ បានរៀបចំឡើងនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួម ពីប្រតិភូនៃក្រុមការងារអន្ដរក្រសួង និងមន្ដ្រីជំនាញនៃក្រសួងទាំង៣ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
– របៀបវារៈទី១៖ ការត្រួតពិនិត្យលើរបាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារត្រី-វិស័យ (បន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី៣),
– របៀបវារៈទី២៖ ការធ្វើបទបង្ហាញសង្ខេបស្តីពីសេចក្តីព្រាងផែនការសកម្មភាព៣ឆ្នាំរំកិល (២០២៥-២០២៧),
– របៀបវារៈទី៣៖ ការរៀបចំ “ក្របខ័ណ្ឌយុទ្ធសាស្ត្រ / ផែនការយុទ្ធសាស្ត្រត្រី-វិស័យ រយៈពេល៥ឆ្នាំ
– របៀបវារៈទី៤៖ ការពិភាក្សារៀបចំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រី លើកទី៥
ក្នុងកិច្ចប្រជុំ ឯកឧត្តមសហប្រធានទាំង៣ បានពិនិត្យ និងពិភាក្សាលើ បញ្ហា ការប្រឈម និងបានដាក់ចេញនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តបន្តដើម្បីសម្រេចបានលទ្ធផលកាន់តែប្រសើរឡើង ក្នុងគោលបំណងពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តសកម្មភាពរួមគ្នារបស់ក្រុមការងារត្រី-វិស័យ សំដៅគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅតាមសហគមន៍ តាមរយៈការពង្រឹងនូវសហថាមពល នៃការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពរួមគ្នា ដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដោយបង្កើតសហគមន៍រួមគ្នា ការរៀបចំរចនាសម្ព័ន្ធ និងផែនការអនុវត្តរួមគ្នា ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ នៃការងារក្រោមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ៕