
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក
- ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១១:៣១ ព្រឹក
- សកម្មភាពក្រសួង

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រោងចក្រស៊ីម៉ងតិ៍ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ គឺជារោងចក្រទី២ របស់ក្រុមហ៊ុន ខនស៍ ស៊ីមេន ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលរោងចក្រទី១ ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីឆ្នាំ២០១៨ កន្លងទៅ។ រោងចក្រនេះ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ លើផ្ទៃដីប្រមាណ ៤០៧ហិកតា ជាមួយទុនសរុបចំនួន ២៥០លានដុល្លារអាមេរិក ហើយមានសមត្ថភាពផលិតរហូតដល់ ២,២ លានតោនក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យសេចក្តីត្រូវការនៅក្នុងប្រទេស និងអាចឈានទៅនាំចេញផងដែរ។ តាមរយៈរោងចក្រនេះដែរ រួមចំណែកផ្តល់ការងារផ្ទាល់ប្រមាណ ៤៥០នាក់ និងការងារប្រយោលប្រមាណ ១ពាន់នាក់ ថែមទៀត។
សូមបញ្ជាក់ជូនផងដែរថា រោងចក្រដែលកំពុងដំណើរការនៅកម្ពុជាមានចំនួន ៦ រួមមាន៖រោងចក្រស៊ីម៉ងតិ៍កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd), រោងចក្រស៊ីម៉ងតិ៍កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd), រោងចក្រស៊ីម៉ងតិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation), រោងចក្រស៊ីម៉ងតិ៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត,រោងចក្រស៊ីម៉ងតិ៍ថៃប៊ុនរ៉ុង និងរោងចក្រ ខនស៍ ខេធី ស៊ីមេន សម្ពោធដាក់ឱ្យដំណើរការនាព្រឹកថ្ងៃនេះ៕


