
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លួវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ៣ខ្សែ ប្រវែងសរុប ៩ ៩៦៨ម៉ែត្រ នៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ៦ ម៉ោងមុន ថ្ងៃទី១៣ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លួវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ៣ខ្សែ ប្រវែងសរុប ៩ ៩៦៨ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងសាងសង់លូគ្រប់ប្រភេទចំនួន ១២កន្លែង ផ្លាកសញ្ញាចរាចរណ៍ចំនួន ៦២ផ្លាក គំនូសចរាចរណ៍ចំនួន ៣ ៤៩០ ម៉ែត្រការ៉េ និងផ្លាកឈ្មោះផ្លូវចំនួន ៦កន្លែង ស្ថិតនៅភូមិអូរអំពិល ភូមិទួលប្រាសាទ ភូមិបឹងជង្រុក តេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប។ ពិធីបើកការដ្ឋាននេះមានការចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការ អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានសរុបចំនួន ២០០នាក់។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោកអភិបាលស្រុក និងមតិចូលរួមសំណេះសំណាលរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព និងមគ្គុទេសក៏ឯកដឹកនាំប្រទេសកម្ពុជា អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់អង្គពិធីទាំងមូល។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានជម្រាបជូនទៀតថា ពិធីបើកការដ្ឋាននាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សូមមេត្តាយោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារដែលត្រូវសាងសង់ផ្លូវ ក្នុងករណីមានការប៉ះពាល់ដល់ដោយប្រការណាមួយក្នុងអំឡុងពេលសាងសង់ផ្លូវដោយក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន០៣ខ្សែនេះផងដែរ៕