
លោកស្រី នួន មុនីចិន្តា ដឹកនាំក្រុមការងារនាយកដ្ឋានរៀបចំកិច្ច ប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍជនជាតិដើមភាគតិច និងទម្រង់ឯកសារកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចគ្រឹង ស្រុកវ៉ឺនសៃ ខេត្តរតនគិរី
- ៩ នាទីមុន ថ្ងៃទី១ ខែឧសភា ២០២៥
- សកម្មភាពក្រសួង

ខេត្តរតនគិរី ៖ នាថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំក្រុមការងារនាយកដ្ឋាន រៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងទម្រង់ ឯកសារកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចគ្រឹង នៅភូមិឃួន និងភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី ដែលមានការចូលរួម ពីអាជ្ញាធរឃុំកោះពាក្យ មេភូមិទាំងពីរ ប៉ូលីសប៉ុស្តិ៍ និងប្រជាពលរដ្ឋជាជនជាតិដើមភាគតិចគ្រឹងទាំងពីរភូមិសរុបរួមចំនួន ១១៧នាក់ (ស្រី ៦០នាក់)។
កិច្ចប្រជុំបានដំណើរការស្របតាមរបៀបរវារៈ ដោយទទួលលទ្ធផលដូចខាងក្រោម៖
១. ភូមិឃួន ៖
– អ្នកចូលរួមភាគច្រើនបានចាប់អារម្មណ៍ និងយល់ដឹងពីសារៈប្រយោជន៍នៃការ កំណត់អត្តសញ្ញាណជនជាតិដើមភាគតិច និងជំហ៊ាននីមួយៗ រួមជាមួយទម្រង់ ឯកសារគាំទ្រក្នុងដំណើរការកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច
– បានសិក្សា និងប្រមូលព័ត៌មានបឋមទាក់ទងជាតិពិន្ធុ ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី ការប្រកបមុខរបរ និង ការគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិ និងដីធ្លីរបស់ជនជាតិដើមភាគតិចគ្រឹង។
⁻ អ្នកចូលរួមបានស្ម័គ្រចិត្ត និងព្រមព្រៀងបង្កើតសហគមន៍ជនជាតិ ដើមភាគតិច គ្រឹង និងមានឆន្ទះចង់កំណត់អត្តសញ្ញាណជនជាតិដើមភាគតិចគ្រឹង
២. ភូមិផាក់ណាម ៖
⁻ ការចូលរួមរបស់ប្រជាពលរដ្ឋមិនបានកុះករ និងពេញលេញ ដោយសារមាន ពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាពលរដ្ឋក្នុងភូមិ។ ដូចនេះការយល់ដឹងពី សារៈប្រយោជន៍នៃការទទួលបានអត្តសញ្ញាណនៅមានកម្រិត៕