
ឯកឧត្តម អ៊ិន ចន្ថា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់នៅ អគារសិក្សា និងសមិទ្ធផលនានា
- ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់នៅ អគារសិក្សា និងសមិទ្ធផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាស្ថានបញ្ជាការសេនាធិការ ស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រ៉ា ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ ដែលមានការអញ្ជើញ ចូលរួម ពីឯកឧត្តម លោកជំទាវតំណាងរាស្រ្តភូមិភាគឯកឧត្តម ឧបនាយករដ្ឋមន្រ្តី, ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, មេបញ្ជាការ, មេបញ្ជាការរង, នាយទាហាន, នាយទាហានរង និងពលទាហាន ប្រមាណជា ៥០០ រូប។
សមិទ្ធផលដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នៅព្រឹកថ្ងៃនេះរួមមាន៖ អគារស្នាក់នៅចំនួន២ខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន, អគារមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលចំនួន១ខ្នង និងកុំព្យូទ័រ ចំនួន ៧០ គ្រឿង ព្រមទាំងការតភ្ជាប់ប្រព័ន្ធអ៊ីនធើណេត ជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអគារសាលាមត្តេយ្យ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ១ខ្នង មាន៣ ថ្នាក់ ដែលក្នុងនោះ មាន២ថ្នាក់ សម្រាប់រៀនចំណេះដឹងទូទៅ និង១ថ្នាក់ សម្រាប់រៀន វប្បធម៌ សុជីវធម៌ និងសីលធម៌។
វិទ្យាស្ថានបញ្ជាការសេនាធិការនេះ មានផ្ទៃដីជិត៨០ហិតា ជាទីតាំងរបស់អតីតសាលានាយទាហា នសកម្ម ប្រើជាកន្លែងបណ្តុះបណ្តាលយោធាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គបញ្ជាការដ្ឋាន ដែលមានភារកិច្ច ទី១.បណ្តុះបណ្តាលសម្រាប់នាយទាហាន ដែលមានឋានន្តរសក្តិ ថ្នាក់អនុសេនីយ៍ឯក ដល់ថ្នាក់វរសេនីយ៍ត្រី គ្រប់ប្រភេទទ័ព លើមុខវិជ្ជា ការងារសេនាធិការ និងការដឹកនាំបញ្ជាកម្រិត កងវរសេនាតូច ដល់កងពល តូចថ្មើរជើង។ ទី២.វិក្រឹតការសម្រាប់នាយទាហាន ដែលមានឋានន្តរសក្តិថ្នាក់ វរសេនីយ៍ត្រី ដល់ថ្នាក់វរសេនីយ៍ឯកគ្រប់ប្រភេទទ័ព លើមុខវិជ្ជាចំណេះដឹងទូទៅយោធា និងយល់ដឹងលើការងារសេនាធិការ និងការដឹកនាំបញ្ជាកម្រិតកងវរសេនាតូច ដល់កងពលតូចថ្មើរជើង។ ក្រៅពីនេះ មានវគ្គហ្វឹកហ្វឺនផ្សេងៗទៀត ទៅតាមបទបញ្ជារបស់អគ្គបញ្ជាការដ្ឋាន និងក្រសួងការពារជាតិ។
ចុងក្រោយនៃកម្មវិធីសម្តេចមហាបវរធិបតីក៏បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាកដឹកនាំ និងនាយទាហាន នាយសេនាធិការអង្គពិធីបានបញ្ចប់នៅវេលាម៉ោង១០:០០នាទីព្រឹក នាខែឆ្នាំដដែល ក្រោមដំបូលសុខសន្តិភាព ដែលពោរពេញដោយភាពរីករាយ និងស្និទ្ធស្នាលក្រៃលែង ។