ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារចំនួន ០៣គម្រោង នៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារចំនួន ០៣គម្រោង នៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រួមមានដូចខាងក្រោម ៖

 

– គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ៤ ០០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម ស្ថិតនៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (បញ្ចប់សុពលភាព)

 

– គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវបេតុងចំនួន ០៣ខ្សែ មាន ៥កំណាត់ ប្រវែងសរុប ១ ៧៥០ម ទទឹង ៥ម កម្រាស់ ០,២ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ០,៥ម កម្រាស់ ០,២ម សាងសង់លូមូលមុខមួយចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ៥កន្លែង ស្ថិតក្នុងភូមិប្រចាក់ ភូមិត្រពាំងតាសុខ ភូមិព្រៃមូល និងភូមិព្រៃក្រោល ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

 

– គម្រោងទី៣ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៤១៣ម ទទឹង ៥ម កម្រាស់ ០,១៥ម សាងសង់លូមូលមុខមួយចំនួន ០១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ (បញ្ចប់សុពលភាព)។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សារួចមក គណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយកលទ្ធផល ១០០% សម្រាប់គម្រោងទី២ និងបញ្ចប់សុពលភាព សម្រាប់គម្រោងទី១ និងគម្រោងទី៣។

 

ក្នុងឱកាសនោះដែរ គណៈកម្មការអន្តរក្រសួង បានស្នើឱ្យអ្នកទទួលការត្រូវធ្វើការត្រួតពិនិត្យលើការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យខាងលើ ឱ្យបានល្អ ដើម្បីឱ្យមានគុណភាព  សោភ័ណភាព និងសុវត្ថិភាព ក្នុងរយៈពេល ១២ខែ បន្តទៀត។ ជាមួយគ្នាដែរត្រូវចេះសហការណែនាំបំផុសប្រជាជន អាជ្ញាធរមូលដ្ឋានឱ្យចូលរួមថែទាំផ្លូវ និងលូខាងលើ ដោយមានការយាមកាមយ៉ាងហ្មត់ចត់ និងកុំឱ្យមានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ធ្វើចរាចរលើផ្លូវ ដើម្បីរក្សាគុណភាពឱ្យបានគង់វង្សយូរអង្វែង ហើយចាត់ទុកថាផ្លូវនេះ ជារបស់ពួកគាត់។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ