ឯកឧត្តម លី ណារុន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការអនុវត្តការងាររបស់អង្គភាពអនុវត្តគម្រោងឥណទាន ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

ខេត្តកំពត​ ព្រះសីហនុ​ និងកោះកុង៖ នាថ្ងៃអង្គារ ពុធ​ និងព្រហស្បតិ៍​ ៩​-១១រោច ខែផល្គុន ឆ្នាំថោះ​ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២-៤ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ព្រះសីហនុ​ និងកោះកុង​ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោងឥណទាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយក្រុមការងារបច្ចេកទេស  បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការអនុវត្តការងាររបស់អង្គភាពអនុវត្តគម្រោងឥណទាន  ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ពីថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីពាក់ព័ន្ធផងដែរ។

 

កិច្ចប្រជុំនេះមានគោលបំណងដើម្បី ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការអនុវត្តសកម្មភាពសម្រាប់គម្រោងឥណទាន ក្នុងការផ្ដល់ប្រាក់កម្ចីជូនប្រជាពលរដ្ឋ ដែលស្នើសុំខ្ចីប្រាក់ និងការប្រមូលប្រាក់ត្រឡប់មកវិញ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ​ ក៏បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខរបស់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតព្រះសីហនុ​ និងកោះកុង​។

 

ជាមួយគ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ និងធ្វើការកោតសរសើរ ដល់មន្រ្តី អនុវត្តគម្រោង ដែលបានខិតខំប្រឹងប្រែង បំពេញការងារទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះរួចមក ឯកឧត្តម  ក៏បានបន្តដំណើរចុះទៅជួបសំណេះសំណាលជាមួយអតិថិជនដែលទទួឡបានកម្ចីឥណទាន ព្រមទាំងបានណែនាំដល់ប្រជាពលរដ្ឋឲ្យប្រើប្រាស់ប្រាក់កម្ចីទាំងនោះទៅប្រើប្រាស់ឲ្យចំគោលដៅផងដែរ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ