ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក អគ្គនាយករង និងថ្នាក់ដឹកនាំដែលជាសមាសភាពក្រុមការងារយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា កិច្ចប្រជុំនាឱកាសនេះ គឺដើម្បីពិភាក្សា ប្រមូលធាតុចូល សម្រាប់ការរៀបចំជាទស្សនាទាននៃគំរូអភិវឌ្ឍន៍ជនបទក្នុងប្រទេសកម្ពុជា ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅបង្កើតឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិត ឥរិយាបថរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ និងពង្រឹង បង្កើនប្រសិទ្ធភាពការអនុវត្ដភារកិច្ចរបស់មន្ដ្រីរាជការ។

 

ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដថា ដោយអនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់គោលការណ៍សម្រាប់កំណែទម្រង់សាធារណៈ និងការអភិវឌ្ឍនានា គឺការរក្សាចាស់ បង្កើនថ្មី និង ការពង្រឹងគុណភាព ៧០% និងពង្រីក ៣០% និងផ្អែកលើសមិទ្ធផលដែលមានក្នុងនីតិកាលកន្លងមក ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់លើការរៀបចំយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជនបទ ឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួន គឺធានាការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅប្រជាជននៅជនបទឱ្យកាន់តែល្អប្រសើរឡើង សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់៕

1 52 53 54 55 56 57 48 49 410 4

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ