ឯកឧត្ដម អុិន ចន្ថា រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំបូកសរុបស្តីពីបទពិសោធន៍ការចុះកំណត់លក្ខណៈសម្បត្តិភូមិគំរូ ១នៅកម្ពុជា

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម អុិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលកម្មវិធីទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបស្តីពី បទពិសោធន៍នៃការចុះកំណត់លក្ខណៈសម្បត្តិភូមិគំរូ នៅកម្ពុជា។

កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។

កិច្ចប្រជុំនេះមានគោលបំណងកំណត់លក្ខណៈវិនិច្ឆ័យភូមិគំរូ សម្រាប់ភាគីពាក់ព័ន្ធ ជាពិសេសគឺ ក្រសួងអភិវឌ្ឍន៍ជនបទ ។ ឯកសារលក្ខណៈវិនិច្ឆ័យនេះគឺ ជាឧបករណ៍សម្រាប់វាយតម្លៃកំរិតនៃការវាស់វែងការអភិវឌ្ឍសហគមន៍ ដើម្បីរៀបចំផែនការសកម្មភាពអភិវឌ្ឍន៍ភូមិ ឈានទៅបន្តអភិវឌ្ឍន៍ភូមិផ្សេងៗទៀតក្រៅពីភូមិគំរូសាកល្បងចំនួន ៣០ភូមិ នៅក្នុងខេត្តកំពង់ស្ពឺ តាកែវ និងខេត្តត្បូងឃ្មុំ គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ KOICA ដែលមាន ។

ក្នុងឱកាសបិទអង្គប្រជុំ រដ្ឋលេខាធិការ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានគោលដៅយុទ្ធសាស្ត្រចំនួន ៥ រួមមាន (១) ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រកបដោយភាពធន់នឹងវិបត្តិនានាប្រចាំឆ្នាំក្នុងរង្វង់៧%(២) បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាពជូនដល់
ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន (៣) សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង ១០% និង បន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា ៤. បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៍ដូចជាបន្តពង្រឹងអភិបាលកិច្ចវិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ធុរកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម និង (៥) ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ ឯកឧត្ដម បានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ដដែលមានចក្ខុវិស័យ កសាងតំបន់ជនបទប្រកបដោយវិបុលភាព បរិយាប័ន្ន នាវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយផ្ដោតទៅលើកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួងគឺ៖ ទី១. ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់
ទី២ .ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តភាព ទី៣ .ការអភិវឌ្ឍសហគមន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ ទី៤. ពិពិធកម្មសេដ្ឋកិច្ចជនបទនិងនវានុវត្តន៍ការងារ និងទី៥.
ការពង្រឹងស្ថាប័ន គោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល បានការជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ដែលត្រូវចាប់អនុវត្តដំបូងនេះតែម្តង រួមមាន៖ (១).ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល (២).ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស (៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន (៤).ដាក់ចេញយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ៥). ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយ
ផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង(៦) ការដាក់ពង្រាយនិងចីរភាព។

សូមបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំបូកសរុបស្តីពីបទពិសោធន៍ការចុះកំណត់លក្ខណៈសម្បត្តិភូមិគំរូ ក្នុងឱកាសនេះ ក៏បានធ្វើបទបង្ហាញស្តីពីបទពិសោធន៍នៃការចុះកំណត់លក្ខណៈសម្បត្តិភូមិគំរូ ក្នុងគោលបំណងផ្ទៀងផ្ទាត់បញ្ជីសំណួរកំណត់លក្ខណៈវិនិច្ឆ័យភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងវាយតម្លៃភូមិគំរូសាកល្បងចំនួន ២ភូមិ គឺ ភូមិជម្ពូព្រឹក្ស និងភូមិប្ញស្សីថ្មី ស្ថិតនៅក្នុងឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ៕

Share your thoughts