
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវោហារ ចុះស្រង់ទិន្នន័យការប្រតិបត្តិអនាម័យនៅស្រុកជ័យសែន ខេត្តព្រះវិហារ
- ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តព្រះវិហារ ៖ នាថ្ងៃចន្ទ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ឆាយ សុវណ្ណា អនុប្រធានមន្ទីរ និងលោកស្រី សែម សំណាង ប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ បានសហការជាមួយរដ្ឋបាលស្រុកជ័យសែន និងរដ្ឋបាលឃុំតស៊ូ ចុះទៅផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅឃុំតស៊ូ ដែលជាបេក្ខភាពឃុំដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ។
កាតចុះទៅផ្ទៀងផ្ទាត់នេះ មានការចូលរួមពីគណៈកម្មការថ្នាក់ស្រុកចំនួន ២០នាក់ ដោយបានបែងចែកជា ៤ក្រុមដូចខាងក្រោម ៖
-ក្រុមទី១ ធ្វើការអង្កេតលើឯកសារពាក់ព័ន្ធ (Check List)
-ក្រុមទី២ ចុះអង្កេតតាមខ្នងផ្ទះ ក្នុងចំណោមទាំង ៦ ដែលគណៈកម្មការបានចាប់ឆ្នោតជ្រើសរើសយក ២ភូមិ ដើម្បីធ្វើការចុះអង្កេតតាមខ្នងផ្ទះ។ ជាមួយគ្នានេះ ភូមិដែលគណៈកម្មការត្រូវចុះទៅអង្កេតផ្ទាល់ដល់ខ្នងផ្ទះមាន ភូមិទួលស្រែឈូក
មានចំនួន ១៨ខ្នងផ្ទះ និងភូមិទួលធ្នង់មានចំនួន ៧ខ្នងផ្ទះ)។
-ក្រុមទី៣ ពិនិត្យស្ថានភាពអនាម័យបរិស្ថាន និង
-ក្រុមទី៤ អង្កេតស្ថានភាពអនាម័យតាមអង្គភាពផ្តល់សេវា។
ជាលទ្ធផលបន្ទាប់ពីគណៈកម្មការបានចុះអង្កេតផ្ទាល់រួចមក ឃើញថាឃុំតស៊ូជាប់ជាឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)៕