ស្រុកតាលោសែនជ័យ នឹងក្លាយជាស្រុកដំបូងគេក្នុងខេត្តពោធិ៍សាត់ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងឆ្នាំ២០២៤

ចែលរំលែក

នេះជាទិសដៅការងារដែលក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ បានដាក់ចេញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្ត នាថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់។

 

កិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពី លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជាប្រធានក្រុមលេខាធិការដ្ឋាន លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត លោក-លោកស្រីអភិបាល-អភិបាលរងនៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីតំណាងអង្គការដៃគូ ក្រុមការងារ PWG និងក្រុមលេខាធិការដ្ឋាន PWG សរុបចំនួន ៤៣រូប។

 

ក្នុងឆ្នាំ២០២៣ នៅទូទាំងខេត្តពោធិ៍សាត់ សម្រេចលទ្ធផលលើវិស័យផ្គត់ផ្គង់ទឹកស្អាតបានចំនួន ៨៧,១៤% និងវិស័យអនាម័យបានចំនួន ៨៤% ក្នុងនោះ ឃុំបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) មានចំនួន ៧ឃុំ។

 

កិច្ចប្រជុំ បានដាក់ទិសដៅជ្រើសរើសយកស្រុកតាលោសែនជ័យ ដើម្បីជំរុញជាស្រុកដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដំបូងក្នុងខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០២៤ និងបន្ទាប់មកគឺ ស្រុកភ្នំក្រវាញ ក្នុងឆ្នាំ២០២៥៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ