ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងរៀបចំគម្រោងជួសជុលស្ថាបនាឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែងសរុប ១០ ១០០ម៉ែត្រ នៅស្រុករំដល ខេត្តស្វាយរៀង នាពេលខាងមុខ

ខេត្តស្វាយរៀង ៖ នាថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសនៃមន្ទីអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យ និងវាយតម្លៃការខូចខាតនូវផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែងសរុប ១០ ១០០ម៉ែត្រ ទទឹង ៧ម ចាប់ពីភូមិតាណែង ឃុំសង្កែ ដល់ភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ដែលបានស្ថាបនាជាពហុឆ្នាំ (២០២១-២០២៣) ក្នុងនោះ ឆ្នាំ២០២១ ប្រវែង ៤ ៣០០ម៉ែត្រ, ឆ្នាំ២០២២ ប្រវែង ៣ ៧០០ម៉ែត្រ និងឆ្នាំ២០២៣ ប្រវែង ២ ១០០ម៉ែត្រ។ ផ្លូវមួយខ្សែនេះជាផ្លូវយុទ្ធសាស្រ្តដែលតភ្ជាប់ចាប់ពីច្រកទ្វារព្រំដែនទ្វេភាគីបុសមន (កម្ពុជា-វៀតណាម) មកភ្ជាប់ផ្លូវជាតិលេខ១៣ ដែលជាផ្លូវបម្រើដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនទំនិញចេញ-ចូលយ៉ាងមមាញឹក។ បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងរៀបចំគម្រោងជួសជុលស្ថាបនាឡើងវិញនៅពេលខាងមុខ។

Share your thoughts