ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត ដឹកនាំប្រតិភូក្រសួងចូលរួមក្នុងវេទិកាភាពជាដៃគូវិស័យសាធារណៈ ឯកជន និងប្រជាជន អាស៊ានលើកទី១២ ស្តីពីការងារអភិវឌ្ឍន៍ជនបទនិងលុបបំបាត់ភាពក្រីក្រ ក្រោមប្រធានបទ “ការពង្រឹងសហគមន៍មូលដ្ឋាន និងការគាំពារសង្គមសម្រាប់ការកាត់បន្ថយភាពក្រីក្រ”នៅប្រទេសសិង្ហបុរី។
- ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៤:០២ ល្ងាច
- សកម្មភាពក្រសួង
ប្រទេសសិង្ហបុរី៖ នាថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួងចូលរួមក្នុងវេទិកាភាពជាដៃគូវិស័យសាធារណៈ ឯកជន និងប្រជាជន អាស៊ានលើកទី១២ ស្តីពីការងារអភិវឌ្ឍន៍ជនបទនិងលុបបំបាត់ភាពក្រីក្រ ក្រោមប្រធានបទ “ការពង្រឹងសហគមន៍មូលដ្ឋាន និងការគាំពារសង្គម សម្រាប់ការកាត់បន្ថយភាពក្រីក្រ”នៅប្រទេសសិង្ហបុរី។
វេទិកាភាពជាដៃគូនេះមានការអញ្ជើញចូលរួមពី ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទរួមមាន ឯកឧត្តម ពិត ករុណា អនុរដ្ឋលេខាធិការ និងលោក អេវ សម្បត្តិ អគ្គាធិការរង រួមជាមួយ អគ្គលេខាធិការអាស៊ាន បណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ មន្រ្តីរាជរដ្ឋាភិបាល តំណាងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ គ្រប់ភាគីពាក់ព័ន្ធ និងភាគីដៃគូសន្ទនារបស់អាស៊ានជាច្រើនទៀត។
ក្នុងវេទិកានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងវិធានការនានាដើម្បីលើកកម្ពស់សេដ្ឋកិច្ចសង្គមសម្រាប់ប្រទេសជាសមាជិកសហគមន៍អាស៊ាន ដោយផ្តោតលើការវិនិយោគលើធនធានមនុស្ស ការធ្វើផែនការរួម និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ការបង្កើនគណនេយ្យភាព តម្លាភាពនៃវិស័យសាធារណៈ គំនិតផ្តួចផ្តើមបង្កើតវេទិកាទូទាំងអាស៊ានលើការវិនិយោគប្រកបដោយសីលធម៌ ការអនុវត្តល្អបំផុតលើការច្នៃប្រឌិតក្នុងកិច្ចការងារអភិវឌ្ឍន៍ជនបទ និងគំនិតផ្តួចផ្តើមលុបបំបាត់ភាពក្រីក្រ៕