វគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)
- ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ថាច់ រតនសោភា ប្រធានការិយាល័យថែទាំសុខភាពជនបទ បានដឹកនាំក្រុមការងារមន្ទីរចូលរួមសហការសម្របសម្រួលជាមួយរដ្ឋបាលស្រុកកណ្តាលស្ទឹង បានរៀបចំបើកវគ្គ បណ្តុះបណ្តាលតម្រង់ទិសស្តីពី ការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)នៅតាម ភូមិ ឃុំ ក្រុង ស្រុក ជូនដល់សមាសភាពក្រុមការងារផ្ទៀងផ្ទាត់ថ្នាក់ឃុំ ស្រុក ក្រោមអធិបតីភាព លោក អ៊ូច សៅវឿន អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង និងលោក សុស សុវណ្ណនី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។
សមាសភាពអញ្ជើញចូលរួម នៃវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះ រួមមាន លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ តំណាងលោកនាយកសាលាក្នុងឃុំ តំណាងប្រធានមណ្ឌលសុខភាពឃុំ តំណាងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ទាំង១៨ឃុំ ក្នុងស្រុកកណ្តាលស្ទឹង និងសមាសភាពក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យស្រុក(DWG) សរុប ១៤៤ នាក់ ស្រី៣៥ នៅសាលាស្រុកកណ្តាលស្ទឹង។
គោលបំណងនៃវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះគឺដើម្បីបញ្ជាក់ពីសុក្រិតភាពលើការអះអាងតាមរយៈសេចក្តីប្រកាស(ODF+)ផ្ទៃក្នុង និងលើកទឹកចិត្តរដ្ឋបាលថ្នាក់ក្រោមជាតិ និងតួរអង្គពាក់ព័ន្ធឲ្យចូលរួមបង្កើនល្បឿនឆ្ពោះទៅសម្រេចគោលដៅប្រែក្លាយកម្ពុជា ជាប្រទេសគ្មានការបន្ទោបង់ពាសវាលពាសកាល ដោយទទួលស្គាល់តម្លៃ និងកិត្តិយសប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងការចូលរួមប្រតិបត្តិអនាម័យនិងរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ សុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
វគ្គបណ្តុះបណ្តាលនេះ បានដំណើរការដោយរលូន និងបញ្ចប់ប្រកបទៅដោយស្មារតីកិច្ចសហប្រតិបត្តិការល្អប្រសើរ និងមានភាពស្និទ្ធស្នាលបំផុត ហើយសិក្ខាកាមដែលជាក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យស្រុក(DWG) នឹងនាំយកនូវចំណេះដឹងថ្មីៗ និងជំរុញការផ្សព្វផ្សាយទៅតាមភូមិ ឃុំរៀងៗខ្លួន ដើម្បីត្រៀមខ្លួនចុះត្រួតពិនិត្យ និងវាយតម្លៃការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលឈានដល់កម្រិតខ្ពស់(ODF+) ។