ឯកឧត្តម អ៊ឹង វណ្ណា និងអាជ្ញាធរមូលដ្ឋាន ដឹកនាំមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពត ចុះពិនិត្យផ្លូវជនបទ ១ ខ្សែ នៅស្រុកជុំគិរី ខេត្តកំពត ដែលទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង
- ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៩:១០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែកក្តិត ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពត និងមានការអញ្ជើញចូលរួមពី លោកស្រីអភិបាលនៃគណៈអភិបាលស្រុកជុំគិរី ព្រមទាំងអាជ្ញាធរឃុំ និងភូមិក្នុងមូលដ្ឋាន បានចុះពិនិត្យផ្លូវជនបទ ១ ខ្សែ ប្រវែង ២ ២៣០ ម៉ែត្រ ស្ថិតក្នុង ភូមិរវៀង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ដែលទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ឹង វណ្ណា បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៏ជនបទ ដែលជានិច្ចកាល តែងតែគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ដោយមើលឃើញការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ ក៏ដូចជាប្រជាពលរដ្ឋ ដែលឆ្លងកាត់តាមខ្សែផ្លូវខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជា ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ ថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ធ្វើការពិនិត្យពីផលប៉ះពាល់នៃខ្សែផ្លូវខាងលើ។
ក្រោយពីចុះពិនិត្យផ្ទាល់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៏ថា នឹងពិនិត្យលទ្ធភាពចាត់ចែងយកគ្រឿងចក្រធ្វើការឈូសឆាយ និងកែលម្អខ្សែផ្លូវខាងលើនេះឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដំណើរទៅទទួលយកសេវាសាធារណៈនានានៅក្នុងមូលដ្ឋាន និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ៕