កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ នៅខេត្តប៉ៃលិន

ចែលរំលែក

ខេត្តប៉ៃលិន៖ នាថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧  ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានរៀបចំ កិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ និងទិសដៅការងារបន្ត ក្រោមអធិបតីភាព លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន និងជាប្រធាន PWG-RWSSH។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោក ហ៊ត ប្ញទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរ លោក ឡាយ អង្គរ៉ា អភិបាលរងក្រុងប៉ៃលិន លោក ឡូ លុយ  អភិបាលរងស្រុកសាលាក្រៅ លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធ និងអង្គការដៃគូ លោក លោកស្រីតំណាងឃុំ/សង្កាត់ចំនួន ០៨ឃុំ/សង្កាត់ ក្រុមការងារ PWG និង PWGs សរុបចំនួន ៣៨នាក់។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងមានគោលបំណង៖

– បូកសរុប និងផ្ទៀងផ្ទាត់លទ្ធផលការងារដែលសម្រេចបានសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

– ផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី ការវាយតម្លៃផ្ទៀងផ្ទាត់ស្ថានភាពភូមិ ឃុំ ស្រុក និងខេត្ត លើការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

– ធ្វើផែនការ និងជំរុញការងារសាងសង់បង្គន់អនាម័យនៅតាមខ្នងផ្ទះ

– រកបញ្ហាប្រឈម និងដំណោះស្រាយ ។

កិច្ចប្រជុំ បានដំណើរការដោយមានកិច្ចពិភាក្សាយ៉ាងផុសផុលពី សមាជិក សមាជិកា សម្រេចបានលទ្ធផលដូចខាងក្រោម ៖

– ត្រូវបន្តផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី ការវាយតម្លៃផ្ទៀងផ្ទាត់ស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដល់ក្រុមការងារ PWG ជាពិសេស ឃុំ/សង្កាត់ ក្រុង/ស្រុក ។

– បានធ្វើផែនការសាងសង់បង្គន់អនាម័យនៅក្រុងប៉ៃលិនដែលមាន ៤សង្កាត់ ប្រជាពលរដ្ឋរស់នៅ ៨ ៨២២គ្រួសារ ស្មើ ៨ ៣៧៨ខ្នងផ្ទះ ក្នុងនោះប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន ៧ ៤៣២ខ្នងផ្ទះ និង ៩៤៦ខ្នងផ្ទះផ្សេងទៀតពុំទាន់មានបង្គន់អនាម័យប្រើប្រាស់។

លោកអភិបាលរងក្រុង និងចៅសង្កាត់ទាំង៤ បានធ្វើផែនការ និងការចុះជំរុញការងារនេះក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ ឱ្យបានចំនួន ១០៧បង្គន់ ។

បច្ចុប្បន្នអត្រាគ្របដណ្តប់អនាម័យក្នុងក្រុងប៉ៃលិនសម្រេចបាន ៨៨,៧% ។

– ធ្វើផែនការសាងសង់បង្គន់អនាម័យក្នុងស្រុកសាលាក្រៅមានដែលមាន៤ឃុំ ប្រជាពលរដ្ឋរស់នៅ ៩ ៤១៤គ្រួសារ ស្មើ ៨,៦០២ខ្នងផ្ទះ ប្រជាពលរដ្ឋមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន ៧ ៦៧៦ខ្នងផ្ទះ និង ៩២៦ខ្នងផ្ទះមិនទាន់មានបង្គន់អនាម័យប្រើប្រាស់។

លោកអភិបាលរងស្រុក និងមេឃុំទាំង៤ បានធ្វើផែនការ និងការចុះជំរុញក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ ឱ្យបានចំនួន ២៦០បង្គន់ ដែលបច្ចុប្បន្នអត្រាគ្របដណ្តប់អនាម័យក្នុងស្រុកសាលាក្រៅសម្រេចបាន ៨៩,២% ។

សូមបញ្ជាក់ថា៖ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ អត្រាគ្របដណ្តប់ការប្រតិបត្តិអនាម័យទូទាំងខេត្តសម្រេចបាន ៨៨.៩% និងអត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតស្រេចបាន ៧៣.៧% ។

សម្រាប់ទិសដៅការងារបន្តក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ អង្គប្រជុំបានសម្រេច៖

១. ស្នើឱ្យរដ្ឋបាលក្រុង និងរដ្ឋបាលស្រុក ត្រូវវិភាជន៍ថវិកាសម្រាប់បម្រើការងារផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទនៅតាមមូលដ្ឋានរបស់ខ្លួន ។

២. ស្នើឱ្យឃុំ សង្កាត់ទាំង៨ បន្តជំរុញដល់លោកប្រធានភូមិ អនុប្រធានភូមិ និងអ្នកពាក់ព័ន្ធពង្រឹងលើការគ្រប់គ្រងទិន្នន័យឱ្យមានភាពច្បាស់លាស់ និងអាចទទួលយកបាន ។

៣. ស្នើឱ្យក្រុមការងារ PWG រួមមានមន្ទីរពាក់ព័ន្ធ អង្គការដៃគូ រដ្ឋបាលក្រុង ស្រុក អាជ្ញាធរឃុំ សង្កាត់ចូលរួមសហការផ្តល់របាយការណ៍រីកចម្រើនប្រចាំត្រីមាសនីមួយៗមានភាពច្បាស់លាស់ និងទាន់ពេលវេលា ។

៤. ស្នើឱ្យវិភាជន៍ថវិកាទៅឱ្យ ឃុំ សង្កាត់ សម្រាប់ប្រើប្រាស់លើការងារទឹកស្អាត និងការលើកកម្ពស់អនាម័យស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន ។

៥. ស្នើសុំឱ្យប្រធានភូមិរៀបចំរបាយការណ៍ ODF និងសំណើសុំមកឃុំ សង្កាត់ ដើម្បីឱ្យឃុំ សង្កាត់រៀបចំក្រុមការងារ ឬគណៈកម្មការចុះពិនិត្យវាយតម្លៃ ODF៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ