![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 7 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
ឯកឧត្តមជ្រាយ ប៉ុម អញ្ជើញចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលសរុបគម្រោងចំណងអភិវឌ្ឍន៍អនាម័យជនបទនៅកម្ពុជា
- ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៧:៤៤ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តមជ្រាយ ប៉ុម អញ្ជើញចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលសរុបគម្រោងចំណងអភិវឌ្ឍន៍អនាម័យជនបទនៅកម្ពុជា 2 photo 2023 09 28 06 46 10](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-28_06-46-10-1000x750.jpg)
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលសរុបគម្រោងចំណងអភិវឌ្ឍន៍អនាម័យជនបទនៅកម្ពុជា (Cambodia Rural Sanitation Development Impact Bond Celebration) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ សមាសភាពចូលរួមមាន តំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ អាជ្ញាធរខេត្ត ស្រុក និងឃុំ មន្ទីរអភិវឌ្ឍន៍ជនបទនៃខេត្តគោលដៅ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុបប្រមាណ ១០០ នាក់។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីចែករំលែកអំពី ភាពជោគជ័យ មេរៀន និងបទពិសោធន៍ក្នុងការអនុវត្តគម្រោងចំណងអភិវឌ្ឍន៍អនាម័យជនបទរបស់គម្រោងពង្រីកទីផ្សារអនាម័យនៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម ជ្រាយ ប៉ុម បានពាំនាំនូវការកោតសរសើរ និងថ្លែងអំណរគុណពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ ចំពោះគ្រប់ភាគីពាក់ព័ន្ធដែលខិតខំអនុវត្តន៍គម្រោងទទួលបានជោគជ័យ ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការលើកកម្ពស់លក្ខខណ្ឌរស់នៅរបស់ប្រជាជននៅជនបទ។
បន្ថែមពីនេះ ឯកឧត្តមអគ្គនាយក ក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមចំណែកក្នុងវិស័យអនាម័យជនបទនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង និងបានស្នើដល់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់បន្តសហការ និងចូលរួមឱ្យកាន់តែសកម្មថែមទៀតដើម្បីឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ ២០២៥ និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។