អង្គការទឹកស្អាត ១០០១ បានរួមចំណែកជាមួយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទផ្ដល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់ជនបទ

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Meas Dupuis AnneSarinn នាយិកាអង្គការទឹកស្អាត ១០០១ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា អង្គការទឹកស្អាត ១០០១ បានរួមចំណែកជាមួយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទក្នុងការផ្ដល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់ជនបទ ។

​ឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានសម្ដែងការស្វាគមន៍ចំពោះលោកស្រី Meas Dupuis AnneSarinn ​និងសហការី ដែលបានបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងបានថ្លែងអំណរគុណដល់អង្គការទឹកស្អាត​១០០១ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលលើវិស័យទឹកស្អាតជូនប្រជាពលរដ្ឋឆ្លើយតបទៅនឹងទស្សនវិស័យគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាទិសដៅប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដែលបានកំណត់ថា នៅឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋនៅជនបទទទួលបានសេវាទឹកស្អាតឲ្យបាន ៩០% និងនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជនប​ទមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ។

​​ជាការឆ្លើយតបលោកស្រី Meas Dupuis AnneSarinn ​​ បានថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី​ ដែលបានផ្ដល់ឪកាសឲ្យលោកស្រី និងសហការីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ និងបានជម្រាបជូនឯកឧត្សមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីថា អង្គការទឹកស្អាត ១០០១ បានសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទតាំងពីឆ្នាំ ២០០៥មក ដែលរហូតមកដល់ពេលនេះ បានផ្ដល់ទឹកស្អាតជូនប្រជាពលរដ្ឋតាមរយៈសង់ស្ថានីយ៍ផលិតទឹកស្អាត ដោយប្រើប្រាស់ធុងចំណុះ ២០ឡីត្រ លក់ជូនប្រជាពលរដ្ឋមានតម្លៃសមរម្យ ។ លោកស្រីបានបន្តថា អង្គការទឹកស្អាត ១០០១ បានផ្ដល់ទឹកស្ងាតជូនប្រជាពលរដ្ឋប្រមាណ ១ លាននាក់ ក្នុងខេត្តគោលដៅទាំង ១៨ ខេត្ត ជាមួយនេះអង្គការគ្រោងនឹងសាងសង់ស្ថានីយ៍ផលិតទឹកស្អាតឲ្យបាន ៩០ កន្លែង ដើម្បីរំដោះប្រជាពលរដ្ឋដែលខ្វះទឹកស្អាតប្រើប្រាស់ប្រមាណជាង ១លាននាក់ ។

ភាគីទាំងពីរបានប្ដេជ្ញាចិត្តថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាបន្តទៀត ដើម្បីពង្រីកវិសាលភាពវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ៕

Share your thoughts