ឯកឧត្តម អ៉ិន ចន្ថា បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួល លើការងារស្ថាបនាផ្លូវ ក្រាលបេតុងចំនួន ១ខ្សែ នៅស្រុកស្អាង ខេត្តកណ្តាល
- ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកណ្តាល៖ នាថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួល លើការងារស្ថាបនា ផ្លូវក្រាលបេតុងចំនួន ១ខ្សែ ស្ថិតនៅភូមិព្រែកស្លែង ឃុំតាលន់ ទៅភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។
ក្នុងឱកាសនេះ ឯកឧត្តម អ៉ិន ចន្ថា បានជួបសំណេះសំណាល ដោយបានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពី សំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ចែកជូនដល់ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបាន ចូលរួមដោយម្នាក់ៗ ទទួលបានក្រមាមួយ និងបានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំថែរក្សាសមិទ្ធផលទាំងនេះ ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង ។
ការចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួល លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែនេះ មានប្រវែង២,២០០ម ទទឺង ៦ម កម្រាស់ ០,២ម ស្ថិតនៅភូមិព្រែក ស្លែង ឃុំតាលន់ ទៅភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល (គម្រោង លេខ DRR-NC-2024-No.019) ។ ផ្លូវនេះអនុវត្តដោយ មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសម្អាតមីន និងកាកសំណល់សង្រ្គាម ប្រើប្រាស់ថវិកាជំពូក២១។
ក្រោយពីបានចុះត្រួតពិនិត្យវាយតម្លៃ ប្រគល់-ទទួលផ្លូវលទ្ធផលការងារ ១០០% រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃ ស្តីពីលក្ខណៈ បច្ចេកទេសជាមួយគណៈកម្មការអន្តរក្រសួងដោយលទ្ធផលបានសម្រេចទទួលយកផ្លូវ ១ ខ្សែនេះ ដោយសេចក្តីរីករាយ។
