ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ៩៩៥ ម៉ែត្រ នៅស្រុកគីរីសាគរ
- ថ្ងៃទី២ ខែមិនា ឆ្នាំ២០២៥ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកោះកុង៖នាថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវបេតុងចំនួន ១ខ្សែប្រវែង ៩៩៥ម ទទឹង ៨ម ទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលអនុវត្តដោយនាយកដ្ឋាន ផ្លូវលំជនបទ ការចុះត្រួតពិនិត្យនេះមានការចូលរួមពីមន្រ្តីបច្ចេកទេស តំណាងនាយកដ្ឋានផ្លូវលំជនបទ តំណាងក្រុមការងារ គ.ត.វ មន្រ្តីជំនាញបច្ចេកទេសនៃមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តកោះកុង អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាល និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងសព្ទសាធុការពរពីសំណាក់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ ជាពិសេសបាននាំយកវត្ថុអនុស្សាវរីយ៍ជាក្រម៉ាជូនដល់ប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រម៉ា១ ព្រមជាមួយគ្នានេះដែរឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួម ថែទាំផ្លូវនេះ ឱ្យបានដិតដល់ដើម្បីប្រើប្រាស់ជាប្រយោជន៍បានយូរអង្វែង។
បន្ទាប់ពីបានចុះត្រួតពិនិត្យ និងវាយតម្លៃរួចមកគណៈកម្មការអន្តរក្រសួង បានឯកភាពសម្រេចទទួលយកការបញ្ចប់សុពលភាពលើការអនុវត្តគម្រោងខាងលើ។
