ឯកឧត្តម នួន ពេជ្រនិមិត្ត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំ ត្រីមាស៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង
- ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៩:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តស្ទឹងត្រែង៖នាព្រឹកថ្ងៃព្រហស្បតិ៍២រោច ខែភទ្របទឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នួន ពេជ្រនិមិត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំត្រីមាស៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ធូ ចាន់ពៅ អភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ និងលោក លោកស្រីមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសរុប ២៤នាក់ ស្រី ៧នាក់។
ជាកិច្ចចាប់ផ្ដើមឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិក សមាជិកាអង្គប្រជុំដែលបានខិតខំ និងប្រឹងប្រែងយកចិត្តទុកដាក់លើការងារកន្លងមក និងបានពាំនាំពាក្យផ្ដាំផ្ញើសួរសុក្ខទុក្ខដល់ថ្នាក់ដឹកនាំមន្ទីរ ក៍ដូចជាមន្រ្តីរាជការទាំងអស់ក្នុងមន្ទីរ ពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។
ជាមួយគ្នានេះ ឯកឧត្តមបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ដូចខាងក្រោម៖
-ចូលរួមគាំទ្រ និងស្វែងយល់អំពីអត្ថន័យCLV-DTA ឱ្យបានច្បាស់លាស់ ពិសេសខេត្តស្ទឹងត្រែងជាខេត្ត០១ក្នុងចំណោមខេត្តទាំងបួនក្នុងគម្រោង CLV-DTA។
-សូមថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់យកពេលវេលាណាមួយទៅទស្សន កិច្ចសិក្សាអំពីបង្គោលព្រំដែន កម្ពុជា-ឡាវ ដើម្បីឱ្យជ្រាបកាន់តែច្បាស់អំពីប្រវត្តិ និងអត្ថន័យនៃចំណុចបង្គោលព្រំដែននីមួយៗ។
-សូមថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ពន្លឿនផែនការ ODFខេត្តចុងឆ្នាំ២០២៤ តាមអនុសាសន៍ដ៍ថ្លៃថ្លារបស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរខេត្ត ។
-សូមមន្ទីររៀបចំប្រមូលព័ត៌មានអំពីអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្ត ដែលបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រមូលវឌ្ឍនភាពការងារវិស័យអភិវឌ្ឍន៍ជនបទក្នុងខេត្ត បើអាចសូមអញ្ជើញអង្គការទាំងនោះមកប្រជុំរៀងរាល់ខែ ត្រីមាស ឆមាស និងឆ្នាំ។
-សូមមន្រ្តីរាជការទាំងអស់បន្ថែមយកចិត្តទុកដាក់លើការងារបន្តទៀត ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្រ្តជាតិដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
-សូមមន្ទីរមានកិច្ចសហការល្អជាមួយអាជ្ញាធរខេត្ត ជាពិសេសនោះគឺត្រូវធ្វើរបាយការណ៍ជាប្រចាំអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងមន្ទីរ និងតាមមូលដ្ឋាន ដើម្បីជូនអភិបាលរង នៃគណៈអភិបាលខេត្តទទួលបន្ទុកលោកបានជ្រាប។
-សូមមន្រ្តីទាំងអស់រក្សាសាមគ្គីភាពផ្ទៃក្នុង និងចាត់ទុកជាបងប្អូននៃអាជីពការងារតែមួយ។
