ឯកឧត្តម ឆាយ ឫទ្ធិសែន អនុញ្ញាតជូនលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
- ១០ នាទីមុន ថ្ងៃទី៨ ខែមេសា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អនុញ្ញាតជូនលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង បានអនុញ្ញាតជូន លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវ ក្នុងឱកសារដែលលោកជំទាវទទួលបានភារៈកិច្ចថ្មីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវ និងប្រតិភូ អំពីការអភិវឌ្ឍប្រទេសក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមកនិងគោលដៅការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការអនុវត្តនូវយុទ្ធសាស្ដ្រចំនួន ៥ ដែលបានកំណត់ក្នុងគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍នៅតំបន់ជនបទ។
បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួចមក លោកជំទាវ Vladanka Andreeva បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍លោកជំទាវ និងសហការី យ៉ាងកក់ក្តៅនាពេលនេះ និងសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានវិលត្រឡប់មកបំពេញបេសកកម្មការងារនៅកម្ពុជា ជាលើកទី២។ លោកជំទាវ បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានោះ តាមរយៈប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវក៏បានលើកឡើងអំពីជំហររបស់អង្គការសហប្រជាជាតិ និងភ្នាក់ងាររបស់ខ្លួនដើម្បីបន្តពង្រឹងភាពជាដៃគូជាមួយក្រសួង សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDGs។
មុននិងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោកជំទាវ និងសហការីដែលបានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជម្រុញការអភិវឌ្ឍន៍នៅតំបន់ជនបទមានសន្ទុះកាន់តែលឿន និងប្រែក្លាយតំបន់ជនបទនៅកម្ពុជា ជាជនបទប្រកបដោយភាពស៊ីវីល័យ៕
Phnom Penh: On Wednesday afternoon, April 8, 2026, at the Ministry of Rural Development, H.E. Chhay Rithisen, Minister of Rural Development, accompanied by senior ministry leaders, received Ms. Vladanka Andreeva, the United Nations Resident Coordinator in Cambodia, and her delegation for a courtesy call and working discussion.
To open the meeting, the Minister warmly welcomed Ms. Andreeva and congratulated her on her new assignment as UN Resident Coordinator in Cambodia. He briefed the delegation on Cambodia’s development progress achieved under the shelter of peace and the wise, correct leadership of Samdech Akka Moha Sena Padei Techo Hun Sen, Father of Peace of Cambodia, former Prime Minister and current President of the Senate, as well as under the continued, principled leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, through the rollout of the Pentagonal Strategy Phase I aimed at realizing the Cambodia 2050 vision of becoming a high income country. He further highlighted recent achievements and the Ministry’s goals under five strategic pillars set out in the National Policy on Rural Development 2025–2035, whose vision is to “build Cambodia’s rural society to be prosperous with inclusiveness, equity, and sustainability.” The Minister also underscored the close cooperation between the Ministry and UN agencies in Cambodia in advancing rural community development.
In response, Ms. Andreeva expressed deep appreciation for the warm welcome and shared her delight at returning to Cambodia for a second tour of duty. She commended the Royal Government’s achievements and reaffirmed the UN system’s commitment to strengthening its partnership with the Ministry to support Cambodia’s socio economic development in alignment with the Pentagonal Strategy Phase I and the Sustainable Development Goals (SDGs).
Before concluding, the Minister thanked Ms. Andreeva and her team for their commitment to continued collaboration with the Ministry of Rural Development to accelerate rural development momentum and transform Cambodia’s rural areas into civilized, well served communities.
