ឯកឧត្តម គុយ ឆាយ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការពិនិត្យឡើងវិញផែនទីបង្ហាញផ្លូវស្ដីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០
- ថ្ងៃទី១ ខែមិនា ឆ្នាំ២០២៥ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការពិនិត្យឡើងវិញផែនទីបង្ហាញផ្លូវស្ដីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
សិក្ខាសាលាខាងលើនេះមានការអញ្ជើញចូលរួមផងដែរពី សំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ និងដៃគូរអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងគ្រឹះស្ថានសិក្សាប្រមាណ ១០០រូប។
អង្គសិក្ខាសាលាខាងលើនេះ មានគោលបំណងរួមដូចខាងក្រោម៖
-ផ្សព្វផ្សាយទិន្ន័យចុងក្រោយស្ដីពីលទ្ធផលប្រព័ន្ធស្បៀង ក្នុងការធ្វើឲ្យប្រសើរឡើងរបបអាហារសុខភាព ដើម្បីកាត់បន្ថយ និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងផ្សារភ្ជាប់ទៅផលិតភាពការងារប្រកបដោយបរិយាបន្ន
-ប្រមូល និងចងក្រងឯកសារចំណេះដឹងពហុវិស័យ ទិន្នន័យ និងការអនុវត្តរបស់អ្នកពាក់ព័ន្ធប្រព័ន្ធស្បៀងសំខាន់ៗ
-កំណត់កញ្ចប់ដំណោះស្រាយដែលអាចធ្វើទៅបានដើម្បីដោះស្រាយការផ្លាស់ប្ដូរអាទិភាពដែលត្រូវការនៅក្នុងប្រព័ន្ធស្បៀងនៅឆ្នាំ២០៣០
-បង្ហាញអំពីការពិនិត្យឡើងវិញផែនទីបង្ហាញផ្លូវស្ដីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
