
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងត្រីមាសទី២ និងលើកទិសដៅការងារត្រីមាសទី៣ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ
- ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តតាកែវ ៖ នាថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម លាង សេង អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងត្រីមាសទី២ និងលើកទិសដៅការងារត្រីមាសទី៣ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោក លីវ សំណាង ប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សរុបចំនួន ៥៣នាក់។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលបានរាយការណ៍ដោយលោក លីវ សំណាង ប្រធានមន្ទីររួចមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការ ពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នាពេលកន្លង មក ក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនស្របទៅតាមផែនការយុទ្ធសាស្រ្តគន្លឹះទាំងប្រាំរបស់ក្រសួង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានរំលេចអំពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ៥ឆ្នាំ (២០២៤-២០២៨) ដែលបានកំណត់ចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាប័ន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ក្នុងគោលបំណងដើម្បី “(១) បង្កើនប្រាក់ចំណូលគ្រួសារនៅជនបទ ឱ្យមានជីវភាពសមរម្យ និងមានប្រាក់ចំណូលប្រកបដោយចីរភាព និង (២) បង្កើនសុខមាលភាពគ្រួសារនៅជនបទឱ្យមានសុខភាពល្អ និងរស់នៅក្នុងបរិស្ថានស្អាត” អមដោយយុទ្ធសាស្រ្តអាទិភាពចំនួន ៥ ជាអាទិ៍ (ទី១) អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់ (ទី២) លើកកម្ពស់សុខមាលភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ ប្រកបដោយនិរន្តភាព (ទី៣) អភិវឌ្ឍន៍សហគមន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ (៤) ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង (៥) ពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ សូមជឿជាក់ និងគាំទ្រលើរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់ និងគាំទ្រលើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់ និងបញ្ចប់បញ្ហានេះ ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងការប្រើនូវយន្តការទ្វេភាគីដែលស្រាប់ ក្នុងការចរចារ និងដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីរក្សា និងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយរួមទាំងការប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន ក្នុងករណីមានការឈ្លានពានណាមួយ។
លើសពីនេះ យើងខ្ញុំក៏ថ្លែងអំណរគុណ ដឹងគុណ និងសូមកោតសរសើរចំពោះវីរភាពរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារបូរភាពទឹកដីយ៉ាងអង់អាចក្លាហាននៅតាមបណ្តោយព្រំដែន និងសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បន្តចូលរួមឧបត្ថម្ភដោយស្ម័គ្រចិត្ត ដើម្បីលើកទឹកចិត្តដល់កងកម្លាំងកម្ពុជាយើង ក្នុងការបំពេញភារកិច្ចការពារបូរភាពទឹកដី និងដើម្បីបង្ហាញនូវស្មារតីរួបរួមជាធ្លុងមហាសាមគ្គីជាតិ ដែលជាខឿនការពារជាតិដ៏រឹងមាំជាមួយប្រជាជននៅទូទាំងប្រទេស សំដៅការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕