ឯកឧត្ដម អ៊ឹង វណ្ណា និងក្រុមបេសកកម្ម ទៅពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវក្នុងគម្រោងការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម
- ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម៖ នាថ្ងៃចន្ទ និងថ្ងៃអង្គារ ៣-៤ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៣១ ខែមីនា និងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ និង ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង បានដឹកនាំមន្រ្តីគម្រោងមន្រ្តីថ្នាក់ក្រសួង ថ្នាក់ខេត្ត ទីប្រឹក្សាបច្ចេកទេស ដោយមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍបារាំង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវក្នុងគម្រោងការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម រួមមាន៖
១.ពិនិត្យខ្សែផ្លូវ បង្ហើរខ្លែង-ស្រែវែង មានប្រវែង ១២,៥០០ គីឡូម៉ែត្រ ឆ្លងកាត់ភូមិចំនួន ០២ គឺភូមិស្រែកក់ ឃុំត្រពាំងព្រីង និងភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ សម្រេចលទ្ធផលសាងសង់ផ្លូវបាន ១០០%។
២.ពិនិត្យខ្សែផ្លូវប្រទង-ភ្នំក្រហម មានប្រវែង ១៧,៥៥០ គីឡូម៉ែត្រ ឆ្លងកាត់ភូមិចំនួន ០៨ ភូមិ គឺ ភូមិគីទ្បូ១០ ឃុំអារក្សត្នោត, ភូមិប្រទង ភូមិសំរោង ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងភូមិជាយក្រែង, អូរក្រញ៉ូង, អូរធំ, អូរគគី និងភូមិអូរក្រពើ ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ សម្រេចលទ្ធផលការងារសាងសង់ផ្លូវបាន ១០០%។
ក្នុងឱកាសនេះដែរ ក្រុមបេសកកម្មគម្រោងបានចុះពិនិត្យការអនុវត្តតំបន់សុវត្ថិភាពសាលារៀន (Safe school zone) នៅសាលាបឋមសិក្សាសំរោង ធ្លាប់ទទួលបានចំណេះដឹង ការអប់រំផ្សព្វផ្សាយផ្នែក សុវត្ថិភាពចរាចរណ៍ ផ្លូវគោកពីមន្រ្តីគាំពារសង្គម និងបរិស្ថានគម្រោងកន្លងមក ។ ជាលទ្ធផល សិស្សានុសិស្សមានការយល់ដឹងខ្ពស់ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងគណៈគ្រប់គ្រងសាលាតែងតែដឹកនាំសិស្សានុសិស្សចូលរួមអនុវត្តជាប្រចាំអំពី តំបន់សុវត្ថិភាពសាលារៀនពេលសិស្សចេញទៅផ្ទះប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងសហគមន៍៕
