ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំនព្វមាស ឆ្នាំ២០២៦ និងទិសដៅការងារបន្ដ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ៣ ម៉ោងមុន ថ្ងៃទី២៩ ខែកញ្ញា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំនព្វមាស ឆ្នាំ២០២៦ និងទិសដៅការងារបន្ដ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំនព្វមាស ឆ្នាំ២០២៦ និងទិសដៅការងារបន្ដ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ លោក លោកស្រីប្រធានអង្គភាពទាំងអស់ក្រោមឱវាទក្រសួង ដោយឡែក ឯកឧត្តម លោកជំទាវជាទីប្រឹក្សាក្រសួង ព្រមទាំងមន្រ្ដីរាជការក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom)។
ឯកឧត្តម ទូច ស៊ីផាត អគ្គលេខាធិការ បានអានសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំនព្វមាស ឆ្នាំ២០២៦ និងទិសដៅការងារបន្ដ តាមកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួង រួមមាន៖ កម្មវិធីទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ជនបទប្រកបដោយភាពធន់, កម្មវិធីទី២. ការលើកកម្ពស់ការទទួលបានទឹកស្អាតនិងអនាម័យបរិស្ថានជនបទ, កម្មវិធីទី៣. ការជំរុញអភិវឌ្ឍសហគមន៍ជនបទនិងចលនាភូមិគំរូ, កម្មវិធីទី៤. ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និងកម្មវិធីទី៥ . ការគ្រប់គ្រងស្ថាប័ននិងសេវាគាំទ្រទូទៅ ដែលជាលទ្ធផលរយៈពេល ៩ ខែ ក្រសួងសម្រេចបានវឌ្ឍនភាពជារួម ៨០% នៃផែនការ។ ទន្ទឹមនឹងនោះដែរ លោក ផេង ស៊ីណិត ប្រធាននាយកដ្ឋានផែនការនិងស្ថិតិ បានធ្វើបទបង្ហាញស្ដីពីការប្រៀបធៀបវឌ្ឍនភាពការងារដែលសម្រេចបានប្រចាំខែកញ្ញា និងប្រចាំនព្វមាស ឆ្នាំ២០២៦ ធៀបនឹងផែនការសមិទ្ធកម្មក្នុងឆ្នាំនេះ។
តាមរយៈរបាយការណ៍វឌ្ឍនភាពការងារសម្រេចបាន ឯកឧត្ដម ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្ម ធ្វើឱ្យក្រសួងសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។ ទន្ទឹមនឹងការឯកភាពជាមួយរបាយការណ៍ និងទិសដៅការងារបន្ដដែលគ្រោងដាក់ចេញ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន តាមកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួង ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ ឱ្យបន្ដអនុវត្តការងារប្រកបដោយបុរេសកម្ម និងការទទួលខុសត្រូវ ដើម្បីបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀតលើវិស័យអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមចំណែកធ្វើឱ្យសម្រេចនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីឈានឆ្ពោះទៅសម្រេចនូវចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”៕
Phnom Penh: In the morning of Tuesday, September 29, 2026, H.E. Chhay Rithisen, Minister of Rural Development, presided over a meeting to review the 9-month work progress of 2026 and set future implementation directions for the Ministry of Rural Development at the ministry’s headquarters. The meeting was attended in person by the Permanent Secretary of State, ministry leaders, and department heads, alongside ministry advisors, civil servants, and leadership from all 25 Provincial Departments of Rural Development participating via Zoom.
During the meeting, H.E. Touch Siphath , Secretary-General, presented the draft 9-month progress report and future directions across the Ministry’s 5 priority programs:
1. Development of resilient physical infrastructure and rural communications.
2. Promoting access to rural clean water and sanitation.
3. Driving rural community development and the model village movement.
4. Promoting rural economic diversification.
5. Institutional management and general support services.
Overall, the Ministry achieved 80% progress against its annual plan over the 9-month period. Additionally, Mr. Pheng Sinit, Director of the Department of Planning and Statistics, delivered a presentation comparing the progress made in September and the first nine months of 2026 against annual performance targets.
H.E. Minister expressed high appreciation and commendation for the Ministry’s achievements and thanked all leadership and civil servants for their dedication and proactive efforts. Furthermore, the Minister issued key instructions across the 5 priority programs, urging all officials to continue working proactively and responsibly to generate further accomplishments in support of the Royal Government’s Pentagonal Strategy – Phase I under the wise leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of Cambodia, towards realizing the Cambodia Vision 2050.



