ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ៥ នាទីមុន ថ្ងៃទី២៥ ខែកុម្ភៈ ២០២៦
- សកម្មភាពក្រសួង

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ កិច្ចប្រជុំនេះ មានវត្តមានចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ដោយឡែក ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សាក្រសួង, និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។
តាមរយៈសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ ដែលអានដោយ ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការអភិវឌ្ឍតំបន់ជនបទដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងកសាងសង្គមជនបទឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល តាមរយៈការអនុវត្តកម្មវិធីអាទិភាពទាំង ៥ របស់ខ្លួន ដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ ជាមួយនឹងការដាក់ចេញទិសដៅការងារបន្ដយ៉ាងច្បាស់លាស់ផងដែរ។ ជាមួយគ្នានោះដែរ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ក៏បានធ្វើបទបង្ហាញអំពីអត្រាកំណើននៃលទ្ធផលការងារសម្រេចបានក្នុងខែ និងលទ្ធផលសរុបត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៦។
បន្ទាប់ពីបានស្ដាប់របាយការណ៍ និងទិសដៅការងារបន្ដរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរ ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីធ្វើឱ្យសម្រេចតាមគោលដៅនៃផែនការយុទ្ធសាស្ដ្រ និងចក្ខុវិស័យដែលបានកំណត់គឺ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍មួយចំនួនដែលជាការតម្រង់ទិសជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ឱ្យបន្តអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមកម្មវិធីអាទិភាពរបស់ក្រសួង ដើម្បីកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀតបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន ៕
Phnom Penh: On Wednesday morning, 25 February 2026, at the ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired the meeting to review the results of work in February and to set the work directions for March 2026 of the Ministry of Rural Development. The meeting was attended by the Permanent Secretary of State and the ministry’s senior leadership at the headquarters, the ministry’s advisers, and the Departments of Rural Development from all 25 capital–provincial administrations joined via videoconference (Zoom Meeting).
According to the draft monthly progress report for February 2026, read by H.E. Ban Boroath, Director General of Administration and Finance, the Ministry of Rural Development has been actively fulfilling its mission to develop rural areas in order to help reduce poverty, improve people’s livelihoods, and build a prosperous, comfortable, and happy rural society. This has been achieved through the implementation of its five priority programs, yielding commendable results, along with the clear setting of ongoing work directions. Additionally, Mr. Pheng Sambo, Director of the Department of Planning and Public Relations, presented on the growth rates of monthly achievements and the cumulative results as of February 2025 compared with February 2026.
After hearing the reports and future directions, the Minister expressed praise and high appreciation for the ministry’s progress and thanked the leadership and civil servants at all levels, both at the central ministry and provincial departments, for their dedication in actively carrying out their roles and duties to meet the goals set out in the strategic plan and the vision of “Building Cambodia’s rural society to be prosperous, environmentally friendly, equitable, and sustainable.” In conclusion, the Minister provided a set of recommendations to guide leaders and civil servants at all levels to continue performing their duties with greater effectiveness, in line with the ministry’s priority programs, to achieve new outcomes that serve the interests of the nation and its people.
