ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ស្ពឺ
- ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពង់ស្ពឺ អមដំណើរដោយ ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការ និងមានការចូលរួម ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ សរុបចំនួន ៤៥នាក់ និងស្រី ១១នាក់។
ជាកិច្ចចាប់ផ្តើម លោក អៀង ដាំប្រធានមន្ទីរ មានមតិស្វាគមន៏ និងធ្វើរបាយការណ៍ សង្ខេបប្រចាំឆមាសទី ១ និងទិសដៅបន្ត របស់មន្ទីរអភិវឌ្ឍន៏ជនបទ ជូនអង្គប្រជុំ ។
ជាកិច្ខបន្ទាប់ ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ នឹករលឹក សាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ ដែលកន្លងមក ឯកឧត្តម រដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ពីសុខទុក្ខមន្ត្រីជានិច្ច។ ឯកឧត្ដមបណ្ឌិត បានឯកភាព ទៅលើរបាយការណ៏ របស់លោកប្រធានមន្ទីរ ឃើញថា មន្ទីរបានដឹកនាំការងារបានល្អ ការរៀបចំកន្លែងធ្វើការរបស់មន្រ្តី បរិស្ថានជុំវិញមន្ទីរល្អ បន្ទប់ទឹកមានអនាម័យល្អ មានកន្លែងលាងសម្អាតដៃ គ្រប់បន្ទប់ទឹកមានសាប៊ូ។ ទន្ទឹមនឹងនោះ ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ បានសំណូមពរឱ្យមន្ត្រីទាំងអស់ បន្តចូលរួមសម្អាត ថែរក្សាបរិវេណមន្ទីរ បន្ទប់ធ្វើការរៀងៗខ្លួនជាប្រចាំ និងបានផ្សព្វផ្សាយ ផែនការរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ អនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើវិស័យអាទិភាពគន្លឹះទាំង៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យ កម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីរួមចំណែកអនុវត្តន៍តាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យខាងលើ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីអាទិភាពសំខាន់ៗ ទាំង៤ របស់ក្រសួង គឺ៖ ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដែលជាបុរេលក្ខខណ្ឌ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាតត្រឹមត្រូវ ចៀសផុតពីជំងឺឆ្លងផ្សេងៗ ទី៣)ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង និងទី៤) ការពង្រឹងស្ថាប័ន និងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបាល និងកម្មវិធីថវិកា ក្នុងគោលបំណង “លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។
