សូមអនុមោទនា “ ពិធីបុណ្យភ្ជុំបិណ្ឌ “
- ៣ ម៉ោងមុន ថ្ងៃទី១១ ខែតុលា ២០២៦
- សកម្មភាពក្រសួង

សូមអនុមោទនា “ ពិធីបុណ្យភ្ជុំបិណ្ឌ “
«ពិធីបុណ្យភ្ជុំបិណ្ឌ» ត្រូវបានប្រារព្ធធ្វើឡើងតាំងពីបុរាណកាលមកក្នុងរដូវវស្សា (ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ)។ ពាក្យថា «ភ្ជុំ» មានន័យថា ការជួបជុំគ្នា រីឯ «បិណ្ឌ» គឺជានំ ឬដុំបាយ។ បុណ្យនេះធ្វើឡើងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានជីដូនជីតា ឪពុកម្តាយ និងញាតិកាលទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងជឿជាក់ថាជាការសាងកុសលដ៏ធំធេងសម្រាប់ជីវិតបច្ចុប្បន្ន។ជាពេលវេលាដែលកូនចៅធ្វើដំណើរមាតុភូមិនិវត្តន៍ មកជួបជុំឪពុកម្តាយ បង្កើតបានជាបរិយាកាសកក់ក្តៅ និងស្នាមញញឹមក្នុងគ្រួសារ។ព្រមទាំងបានរៀបចំម្ហូបអាហារ បង្អែម និងនំអន្សមយកទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំវស្សា។
សូមគោរពជូនពរសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សូមមានសុខភាពល្អបរិបូរណ៍ សេចក្ដីសុខ សេចក្ដីចម្រើន សុភមង្គល វិបុលសុខ និងសម្រេច បាននូវជោគជ័យគ្រប់ភារកិច្ចការងារ ។
សូមឱ្យការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ ជាពិសេសការ ធ្វើដំណើរទៅកាន់ទីវត្តអារាម និងកន្លែងកម្សាន្ដនានា សូមបានប្រកបដោយសុខសុវត្ថិភាព និងជួបនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
