
លោក អឿន ធារិទ្ធ ដឹកនាំក្រុមការងារគម្រោងការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍ សហគមន៍ជនបទចម្រុះចុះតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងារនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
- ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃចន្ទ ៦រោច ខែជេស្ន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងជាប្រធានគ្រប់គ្រងគម្រោង “ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានដឹកនាំក្រុមការងារគម្រោង ដោយមានការសម្របសម្រួលដោយលោក សួន សុវន្ដារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមសម្របសម្រួលគម្រោងថ្នាក់ខេត្ត និងក្រុមទីប្រឹក្សាគម្រោង ចុះតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពគម្រោងនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផលទទួលបានដូចខាងក្រោម៖
១. ពិនិត្យការងារជីកស្រះសហគមន៍ទំហំ ៥០ម x ៩០ម សម្រេចបាន ១០០% និងទីតាំងសាងសង់ស្ថានីយ៍ផលិតទឹកពីដុង ២០លីត្រ ស្ថិតនៅភូមិខ្វាវលិច ឃុំស្វាយចេក។
២. ពិនិត្យការងារស្ដារទឹកស្រះសហគមន៍ទំហំ ៣៦ម x ៤៥ម x ៣.៦៥ម សម្រេចបាន ១០០% និងការងារសាងសង់ស្ថានីយ៍ផលិតទឹកពីដុង ២០លីត្រ វឌ្ឍនភាពការងារប្រមាណ ២០% ដែលផែនការគ្រោងនឹងបញ្ចប់នៅខែសីហាខាងមុខ ស្ថិតនៅភូមិថ្មី ឃុំស្វាយចេក។
៣. ពិនិត្យការងារសាងសង់បង្គន់អនាម័យបរិយាប័ន្ន កន្លែងលាងដៃ ស៊ីទែនស្តុកទឹក និងឡដុតសំរាម វឌ្ឍនភាពការងារ ១០០% ស្ថិតនៅក្នុងសាលាបឋមសិក្សាស្វាយចេក ភូមិរការថ្មី ឃុំស្វាយចេក។
៤. ពិនិត្យការងារសាងសង់មជ្ឈមណ្ឌលសិក្សាសហគមន៍ទំហំ ៥.៥ម x ១២ម ចំនួន ៣ទីតាំង វឌ្ឍនភាពសម្រេចបាន ៨០% ស្ថិតនៅភូមិប្រិយ៍ ភូមិចែង ភូមិពន្លៃ ឃុំទ្រាស។
៥. ចុះពិនិត្យស្ថានភាពដាំដុះបន្លែក្នុង និងក្រៅផ្ទះសំណាញ់ របស់កសិករដែលគាំទ្រដោយគម្រោងភូមិសន្តិភាព។
សូមបញ្ជាក់ថា គម្រោងភូមិសន្តិភាព ក្នងខេត្តបន្ទាយមានជ័យបាន និងកំពុងអនុវត្តសកម្មភាពក្នុងភូមិចំនួន ១២ភូមិ ៤ឃុំ ក្នុងស្រុកស្វាយចេក និងស្រុកម៉ាឡៃ៕