
លោកជំទាវ ឡាយ វីរៈបុត្រ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងសម្រេចលើសេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីលើកទី ៤ ឆ្នាំ ២០២៥ – ២០៣០
- ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៨:០០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ១៥រោច ខែ ជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងសម្រេចលើសេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីលើកទី ៤ ឆ្នាំ ២០២៥ – ២០៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដោយមានសមាសភាពចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី តំណាងអង្គការ UN WOMEN ក្រុមការងារលេខាធិការដ្ឋានTWGG-GBV ដែលមានចំនួនសរុប ៩០នាក់ ដែលមានគោលបំណង (១). ពិនិត្យ និងកែសម្រួល ចុងក្រោយលើសេចក្តីព្រាង NAPVAW IV (២០២៥-២០៣០ ) និង (២). ឯកភាពជារួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលជាសមាសភាពក្រុមការងារ អនុវត្តការទប់ស្កាត់ អំពើហិង្សាលើស្រ្តី មុននឹងដាក់សុំការប្រជុំពិនិត្យ និងកែសម្រួល របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC)។
ផែនការសកម្មភាពជាតិនេះ មាន យុទ្ធសាស្រ្តចំនួន ៤ រួមមាន (១). យុទ្ធសាស្រ្តទី១ ៖ ការបង្ការទប់ស្កាត់ (២). យុទ្ធសាស្រ្តទី២ ៖ កិច្ចការពារផ្លូវច្បាប់ និងស្តង់ដាសេវាអប្បបរមា (៣). យុទ្ធសាស្រ្តទី៣ ៖ ច្បាប់ និងគោលនយោបាយ (៤). យុទ្ធសាស្រ្តទី៤ ៖ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងយុទ្ធសាស្រ្តគន្លឹះចំនួន ១៥៕