លោកជំទាវ ឡាយ វីរៈបុត្រ អញ្ជើញចូលរួមជាគណៈអធិបតីពិធីបើកយុទ្ធនាការផ្សព្វផ្សាយស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ទៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម ឆ្នាំ២០២៥
- ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាគណៈអធិបតីពិធីបើកយុទ្ធនាការផ្សព្វផ្សាយស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ទៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ និងជាអនុប្រធាន គ.ជ.ព តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គ.ជ. ព និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធសមាជិក គ.ជ.ព អាជ្ញាធរដែនដី គណៈអភិបាល ខេត្ត ស្រុក មេឃុំ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត អង្គការ ILO តំណាងសហព័ន្ធសហជីព សសយក តំណាងម្ចាស់សិប្បកម្ម លោកគ្រូអ្នកគ្រូ មាតា បិតា អាណាព្យាបាល ក្មួយៗកុមារា កុមារី ដែលមានចំនួនសរុបប្រមាណ ៣០០ នាក់ នៅសហគ្រាសឡឥដ្ឋស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
យុទ្ធនាការផ្សព្វផ្សាយនេះមានគោលបំណង៖
១. ពង្រឹងសមត្ថភាព និងយន្តការប្រឆាំងពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម និងភូមិសាស្រ្ត ដែលមានហានិភ័យគ្រោះថ្នាក់ការងារខ្ពស់
២. ដាក់ចេញវិធានការអធិការកិច្ចការងារ ដល់និយោជក និងអាណាព្យាបាល ដែលប្រើប្រាស់ពលកម្មកុមារនៅក្នុងទម្រង់
ធ្ងន់ធ្ងរ
៣. បង្កើនប្រសិទ្ធភាពនៃកិច្ចសហការអន្តរក្រសួងស្ថាប័ន អាជ្ញាធរ និងភាគីពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម
៤. ពង្រឹងការងារផ្សព្វផ្សាយ និងយុទ្ធនាការឱ្យដល់មូលដ្ឋាន ឬ សហគមន៍នៃសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម
៥. មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំង២៥ រាជធានី ខេត្ត អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ សង្គមស៊ីវិល ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ការទប់ស្កាត់ការរំលោភបំពានលើកុមារ ជាពិសេស នៅតាមមូលដ្ឋានដែលមានសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម៕
